ការប្រែសម្ដីបែបនេះបានធ្វើឡើងតាមរយៈលិខិតបំភ្លឺរបស់លោកស្រី ឡាយ ច័ន្ទនាង ជំទប់ទី១ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានបដិសេធថា លោកស្រីមិនបានរំលោភយកដីផ្លូវមកធ្វើជាកម្មសិទ្ធិ គ្មានអ្នកធំនៅពីក្រោយ ហើយក៏មិនជាម្ចាស់កម្មសិទ្ធិដីនៅចំណុចនោះដែរ ដែលការលើកឡើងបែបនេះផ្ទុយពីសម្ដីរបស់លោកស្រីដែលបាននិយាយយ៉ាងច្បាស់ៗថាជាដីរបស់ខ្លួនទាំងសងខាងផ្លូវ។ សម្លេង (ដីខ្ញុំទាំងសងខាងដែលគេធ្វើផ្លូវពុះលើដីខ្ញុំ ហើយថាខ្ញុំរំលោភយកផ្លូវ បើចង់ពង្រីកធ្វើឱ្យស្តង់ដាស្មើគ្នា កុំមករីកតែចំណុចដីខ្ញុំ…..)
ទីតាំងដីផ្លូវនេះគឺជាអតីតដីព្រៃរបស់រដ្ឋ ដែលអ្នកភូមិហៅថា ព្រៃថ្មសានស្ថិតនៅក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានធ្លាក់លើដៃឈ្មួញជាច្រើនចំណែកហើយក្រោយអាជ្ញាធរឃុំធ្វើជាផ្លូវសាធារណៈកាត់ចំដីខាងលើ ដែលប្រជាពលរដ្ឋសូមឱ្យថ្នាក់ដឹកនាំសិក្សាពីប្រវត្តិដីនោះឡើងវិញថាតើមានភាពមិនប្រកតីអ្វីខ្លះទើបប្រែដីព្រៃមកជាដីបុគ្គលអ្នកប្រាក់និងមានអំណាច។
ការបដិសេធថា ដីនោះមិនជាកម្មសិទ្ធិរបស់លោកស្រីទំនងជាឯកសារបញ្ជាក់ ឬ បណ្ណសម្គាល់អចលនវត្ថុនោះមិនប្រើឈ្មោះលោកស្រីទេ ទើបលោកស្រីជំទប់ទី១បានចេញសេចក្ដីបំភ្លឺ ផ្ទុយពីសម្ដីរបស់ខ្លួនក្នុងនាមជាអាជ្ញាធរអ្នកបម្រើរាស្ត្របែបនេះទៅវិញ។
បើតាមលោកមេភូមិ ហែម ហ៊ុន និងប្រជាពលរដ្ឋបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ មីនាឆ្នាំ២០២៣ ថា ពិតជាដី របស់លោកស្រី ឡាយ ច័ន្ទនាង បានឱ្យគេបោះបង្គោលហុំមពទ័្ធដីផ្លូវពិតមែន។
ចំណែកលោក កែវ សុខ មេឃុំស្រែអំបិលក៏បានលើកឡើងថា ពិតជាមានគេមករំលោភយកដីផ្លូវដោយលោកស្រី ឡាយ ច័ន្ទនាង ជួលគេឱ្យមកបោះបង្គោលព្រំដីតែបែជាបោះបង្គោលហ៊ុមព័ទ្ធយកដីផ្លូវទៅវិញ។ ហើយលោកក៏បានរាយការណ៍ទៅអភិបាលស្រុក រីឯប្រជាពលរដ្ឋនិងមេភូមិនាំក៏នាំគ្នាទៅដកបង្គោលនោះចេញផងដែរ៕