អាជីវកម្មកាយដីរដ្ឋ (អូរក្រាំងអំបិល) ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើទៅបានរលូនហើយ គ្រាកន្លទៅធ្លាប់កាយវង្វេងចេញពីដែនកំណត់ក្នុងអាជ្ញាបណ្ណ និងរអាក់រអួលព្រោះតែរឿងផ្លូវក្នុង និងផ្លូវក្រៅ ឥលូវបន្ទាប់ពីសែនអ្នកតាម្ចាស់ទឹកម្ចាស់ដីត្រូវ នូវ(ហ្វតរាប់ទ័រ ២០២៤ មួយគ្រឿង តម្លៃខ្វះ ១០០ ប្រាំបីម៉ឺន) ស្រាប់តែការងារប្រសើរឡើងវិញ អ៊ីចឹងបានថា ចាស់បុរាណតែងនិយាយ “បើមិនជឿកុំប្រមាថ” ទោះឡានក្រដាស ឡានជ័រ ឬ ឡានអ្វីក៏ដោយ។
ប្រភពដំណឹង 1Post ទទួលបានបច្ចុប្បន្នកំពុងកាយត្រូវហ្សូនក្នុងអាជ្ញាបណ្ណវិញហើយ តែជម្រៅហាក់ជ្រៅឡើងៗ និងការដឹកជញ្ជូនចេញមិនគោរពបទដ្ឋានបច្ចេកទេស មិនគ្រប ផ្ទុកដីលើសទ្រុង ធ្លាក់លើផ្លូវជាតិលេខ៤ និងផ្លូវតាមភូមិ ធ្លាក់មកក្រោមកើតរលក គ្រើម រំខានដល់ការធ្វើដំណើរ និងហុយជាដើម។ កន្លែងចាក់បំពេញដីមួយចំនួនធ្វើលើសច្បាប់អនុញ្ញាត និងគ្មានច្បាប់។
ទាក់ទងបញ្ហានេះលោក លឹម ចាន់ថុល ម្ចាស់អាជីវកម្ម មិនទាន់អាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទចូលពុំមានអ្នកទទួល។
លោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អាជីវកម្មលោក លឹម ចាន់ថុល ពីមុនមកកាយលើសទីតាំងដែលបានអនុញ្ញាតច្បាប់ ត្រូវបានក្រសួងធ្វើការពិន័យម្ដងហើយ និងមិនទាន់បង់សួយសាគ្រប់នៅឡើយ។ បច្ចុប្បន្នងាកមកកាយនៅរណ្ដៅចាស់ស្ថិតក្នុងដែនអាជ្ញាបណ្ណ រីឯជម្រៅគឺខាងមន្ទីរធនធានទឹកជាអ្នកគ្រប់គ្រង។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ពុំទាន់មានការបញ្ជាក់ទេ បន្ទាប់ពីក្រុមការងារយើងបានផ្ញើសារសំណួរទៅកាន់ WhatsApp របស់លោក។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕