បុរសម្នាក់អះអាង ខ្លួនជាភាគីខាងរបង និងរោងចក្រ បានប្រាប់ 1Post ឱ្យដឹងថា ដើមឡើយប្រឡាយមិននៅទីតាំងនេះទេ តែដោយអាជ្ញាធរបានដោះស្រាយគោលនយោបាយរៀបចំប្រព័ន្ធបង្ហូរទឹកក៏បានបញ្ចៀសប្រឡាយមកដល់ចំណុចនេះ ខណៈដែលមានរបងស្រាប់។ លោកថា ដោយសារតែគ្មានអ្នកដើរចេញចូលរបងដែលមានស្រាប់នោះក៏រក្សាទុកដើម្បីសុវត្ថិភាពទ្រព្យសម្បត្តិរោងចក្រ តែបើរដ្ឋត្រូវការធ្វើជាផ្លូវសាធារណៈនៅលើលូដែលភាគីរោងចក្រនិងម្ចាស់ផែស្ងួតបានសាងសង់នោះពួកគាត់ឯកភាពសហការ តែបើរដ្ឋមិនទាន់ត្រូវការភាគីរោងចក្រនិងផែស្ងួតនៅបន្តប្រើប្រាស់ដដែល។ សម្លេង
ទាក់ទងនឹងសំណួរសួរថា រដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងណាលើករណីនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មិនទាន់មានការបញ្ជាក់ទេ។ ពោលគឺសំណួរគ្មានចម្លើយ។
ទោះយ៉ាងណាពលរដ្ឋមួយចំនួនបានបញ្ចេញមតិប្រតិកម្មនៅលើការផ្សាយវគ្គមុនថា នេះជាសម្បត្តិរដ្ឋសម្បត្តិរួមបើធ្វើជាផ្លូវ ឬធ្វើអ្វីមួយសម្រាប់ប្រើប្រាសជាប្រយោជន៍ដល់សាធារណៈជន ពិសេសអ្នកភូមិនៅតំបន់នោះ ខណៈពលរដ្ឋខ្លះបានដើរវាងលោតភ្លោះប្រឡាយនៅផ្នែកខាងក្រៅរបងឆ្ពោះទៅរកគោលដៅរបស់ពួកគាត់ទាំងលំបាក។ ហីប្រសិនច្រកនេះត្រូវបានបើកនិងជួសជុលខ្នងប្រឡាយឱ្យបានត្រឹមត្រូវយ៉ាងហោចណាស់ក៏អាចធ្វើដំណើរថ្មើជើង តាមយានយន្តតូចៗ ឬ ដឹកគោ ន៨ងសត្វចញ្ចឹមបានងាយស្រួលផងដែរ។
សូមបញ្ជាក់ថា បណ្ដោយប្រឡាយនេះប្រវែងជិត ៤០០ម៉ែត្រ ទទឹងប្រហែល ៩ម៉ែត្រ បច្ចុប្បន្នត្រូវបានដាក់លូបេតុងមុខកាត់ទទឹង ៥ម៉ែត្រ និងកម្ពស់២កន្លះម៉ែត្រ សម្រាប់បញ្ចៀសទឹកភ្លៀង និងទឹកកង្វក់ ពីភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង ដោយចំណុចតភ្ជាប់ពីលូធំក្រោមផ្លូវល្បឿនលឿនមកដល់ប្រឡាយកាត់ទទឹងជាប់ផ្លូវឆេកូ ឬគេហៅផ្លូវបង្គោលអគ្គិសនីធំៗក្នុងភូមិក្រាំង ដែលជាទីតាំងឧស្សាហ៍ជន់លិច ពិសេសកំឡុងពេលរដូវវស្សា៕ តាពេជ្រ