អាជីវកម្មរណ្ដៅរ៉ែដែករាប់ហិកតានៅក្បែរផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 3 កក្កដា 2026
អាជីវកម្មរណ្ដៅរ៉ែដែករាប់ហិកតានៅក្បែរផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង

អាជីវកម្មរ៉ែដែកដែលមានទំហំរណ្ដៅរាប់ហិកតានិងយ៉ាងតិច ៤ទីតាំងនៅក្នុងភូមិក្បែរផ្ទះ រីឯផ្ទះខ្លះកៀកនឹងរណ្ដៅតែម្ដងបានកំពុងបង្កក្ដីបារម្ភដល់ពលរដ្ឋមួយចំនួននៅភូមិត្រពាំងគគី និងភូមិត្រពាំងថ្ម ក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា នាពេលកន្លងទៅធ្លាប់រងការខូចខាតរបស់ទ្រព្យដោយសារតែការបំផ្ទុះយករ៉ែដែក ត្រូវបានដុំថ្មខ្ទាតធ្លាក់មកលើផ្ទះសម្បែង សត្វគោ ដំណាំ និងយានយន្តជាដើម។ ហើយភាគីម្ចាស់អាជីវកម្មក៏បានចេញសំណងនៃការខូចខាតឱ្យអ្នករងផលប៉ះពាល់ផងដែរ ប៉ុន្តែមិនបានតម្លៃដូចការទាមទាររបស់ម្ចាស់ទ្រព្យនោះទេ ចង់បានប៉ុណ្ណោះគេសងប៉ុន្នេះចឹងទៅ។ សម្លេង

អាជីវកម្មរណ្ដៅរ៉ែដែករាប់ហិកតានៅក្បែរផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង

បើតាមលោកមេភូមិត្រពាំងគគី បានឱ្យ 1Post  ដឹងថា ការបាក់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋចូលរណ្ដៅរ៉ែដែក លោកមេភូមិផ្ទាល់ក៏បានចូលរួមវាស់វែងផងដែរ។ ពេលខ្លះភាគីម្ចាស់អាជីវកម្មស្រោចទឹកមិនគ្រប់គ្រាន់មិនសព្វនៅលើផ្លូវធ្វើឧ្យធូលីហ៊ុយ សូម្បីទឹកប្រើប្រាស់ក៏មិនមានច្រើនដូចកាលពីដើម លោកមេភូមិថា ទំនងជាមកពីរណ្ដៅរ៉ែជ្រៅ និងច្រើននៅក្នុងភូមិអាករនេះហើយមើលទៅ។ សម្លេង

អភិបាលស្រុកឈូក លោក សៅ មឿន ក្រុមការងារ 1Post ខលចូលលេខទូរសព្ទផងបណ្ដាញសង្គមរបស់ផង ពុំមានអ្នកមិនលើកនោះទេ។ តែបើតាមលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកឈូកបានបញ្ជាក់ថា កន្លងមកពេលមានផលប៉ះពាល់ផ្សេងៗគឺអាជ្ញាធរមូលដ្ឋានឃុំ និងស្រុក តែងតែយកចិត្តទុកដាក់ ដោះស្រាយ និងបានសងនូវសំណងជូនបងប្អូនប្រជាពលរដ្ឋដែលលរងផលប៉ះពាល់។ ហើយក្រុមហ៊ុននោះគឺមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងស្របច្បាប់។ ក្នុងករណីប្រជាពលរដ្ឋ មានផលប៉ះពាល់ទៅលើផ្នែកណាមួយសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរមូលដ្ឋានឃុំ ស្រុក ជៀសវាងការផ្សព្វផ្សាយ ឬចុះផ្សាយគ្មានមូលដ្ឋានជាក់លាក់។ 

អាជីវកម្មរណ្ដៅរ៉ែដែករាប់ហិកតានៅក្បែរផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង

ចំណែកលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែខេត្តកំពត ខលចូលទូរសព្ទលោកចំនួន ២ដង អត់លើកទេ។ តែបើតាមលិខិតបំភ្លឺរបស់រដ្ឋបាលមន្ទីររ៉ែ បានឱ្យដឹងថា អាជីវកម្មទីតាំងនៅតំបន់ខាងលើនេះគឺទទួលបានអាជ្ញាបណ្ណ និងលិខិតបទដ្ឋានគតិយុត្តជាធរមានពីក្រសួងរ៉ែ។ ហើយមន្ត្រីជំនាញតែងតែចុះត្រួតពិនិត្យបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ជាប្រចាំ និងវិធានការដោះស្រាយផលប៉ះពាល់ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកឈូក និងតំណាងក្រុមហ៊ុនចុះពិនិត្យទីតាំងជាក់ស្តែង នឹងតម្រូវឱ្យក្រុមហ៊ុនពន្លឿនការដោះស្រាយផលប៉ះពាល់ទាំងអស់ឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព។

ដោយឡែកភាគីក្រុមហ៊ុន 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។ ហីបើតាមខ្លឹមសារក្នុងអាជ្ញាបណ្ណនោះប្រការ១៖ គឺបានអនុញ្ញាតឱ្យក្រុមហ៊ុន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD ធ្វើប្រតិបត្តិការអាជីវកម្មរ៉ែដែក ស្ថិតនៅតំបន់ភ្នំត្នោត ស្រុកឈូក ស្រុកជុំគិរី ស្រុកទឹកឈូ និងស្រុកដងទង់ ខេត្តកំពត។ ប្រការ២៖ ក្រុមហ៊ុនត្រូវដំណើរការប្រតិបត្តិការធនធានរ៉ែក្នុងផែនអាជ្ញាបណ្ណដូចមាននិយាមកាកំណត់ក្នុងផែនទីនៃអាជ្ញាបណ្ណនេះ និងស្របតាមប្រកាសលេខ ០២៥៣ រថអធរប្រក ស្តីពីលក្ខខណ្ឌអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (សម្រាប់អាជីវកម្ម រ៉ែដែក)។

អាជីវកម្មរណ្ដៅរ៉ែដែករាប់ហិកតានៅក្បែរផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង

កន្លែងនឹងហើយដែលកើតឆ្ងល់នឹងហេតុអ្វីបានជាអនុញ្ញាតឱ្យធ្វើណ្ដៅរ៉ែដែកជាច្រើនទីតាំងនៅក្នុងភូមិក្បែរផ្ទះប្រជាពលរដ្ឋ សូម្បីតែផ្លូវខ្លះអ្នកភូមិធ្លាប់តែប្រើប្រាស់បានដោយសេរីនិងមានសុវត្ថិភាព ឥលូវបែជារណ្ដៅរ៉ែដែករាប់ហិកតានៅអមសងខាង ហើយឱ្យពលរដ្ឋប្រុងប្រយ័ត្ន ហាមកុំបើកបរយានយន្តធំឬធ្ងន់ឆ្លងកាត់ ដោយខាងភាគីម្ចាស់អាជីវកម្មបានធ្វើផ្លូវថ្មីដើម្បីឱ្យធ្វើដំណើរវាងចេញពីផ្លូវចាស់នេះ។ រួមទាំងផលប៉ះពាល់ដូចដែលពលរដ្ឋនិងអាជ្ញាធរភូមិលើកឡើង បញ្ហាភ័យខ្លាចអំពីសុវត្ថិភាពខូចខាតរបស់ទ្រព្យដោយសារការបំផ្ទុះយករ៉ែដែក។ ព្រោះអាជីវកម្មនេះមិនមែនជាអាជីវកម្មដែលមិនប្រឈមឯណា គ្រឿងចក្រសុទ្ធតែធុនធ្ងន់ ដុំថ្មក៏ធ្ងន់ ត្រូវតែប្រយ័ត្នប្រយែងខ្ពស់បើដល់ថ្នាក់បំផ្ទុះរំសេវឬគ្រាប់ដើម្បីយករ៉ែហើយនឹង។ មិនដឹងជាយ៉ាងមេចគេធ្វើចឹងបានទាំងមានច្បាប់អនុញ្ញាតទៀត។ អ៊ីចឹងបានពេលខ្លះគេលើកឡើងថា ចេះមិនដល់ឆ្ងល់មិនកើត ព្រោះអ្នកឆ្ងល់នឹងមិនមែនជាអ្នកជំនាញ។ ប្រសិនបើមានការបញ្ជាក់ពីអ្នកពាក់ព័ន្ធ 1Post នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះបន្តទៀត៕ តា ពេជ្រ

អាជីវកម្មរណ្ដៅរ៉ែដែករាប់ហិកតានៅក្បែរផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង