របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា ពេញមួយឆ្នាំ២០២២កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៦៣៩០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៥០០២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រមាណ១៤៩១៩,៤៧គីឡូក្រាម និងសារធាតុគីមីសរុបប្រមាណ៥០៤ ៥៧៧គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ។ ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន៦៩ករណី ឃាត់ខ្លួនមេក្លោង១៧នាក់ និងខ្សែរយៈបណ្តាញ១៦០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ក្រុមអ្នកជំនាញបានលើកឡើងថា មានការកត់សម្គាល់អំពីការកើនឡើងនូវចរាចរសារធាតុគីមីផ្សំគ្រឿងញៀន ទៅកាន់តំបន់ត្រីកោណមាសក្នុងចំនួនដ៏ច្រើនលើសលប់ រួមទាំងការកើនឡើងនូវនិន្នាការថ្មី គឺការចាប់តាំងបញ្ហាផលិត និងជួញដូរគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ (តាមអនឡាញ) ដែលជាហេតុធ្វើឱ្យសកម្មភាពចរាចរជួញដូរគ្រឿងញៀនកាន់តែច្រើនឡើងៗ ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ ហើយកម្ពុជានៅតែជាគោលដៅរងគ្រោះដោយសារឧក្រិដ្ឋកម្មទាំងនេះ៕