មន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ខេត្រព្រះសីហនុ ធ្វើមិនឃើញរថយន្តធន់ធំដឹកផ្លែស្វាយល្មើសបច្ចេកទេសផ្ទុយពីច្បាប់កាលពីព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣។
រថយន្តមួយគ្រឿងសណ្ដោងរម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-0800 បានដឹកផ្លែស្វាយរាប់សិបតោនលើសទ្រុង និងហៀរធ្លាក់ខាងក្រៅទ្រុងសងខាងរណេងរណោងបើកឆ្លងកាត់ផ្លូវជាតិលេខ៤ ទិសដៅពីភ្នំពេញទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចំណុចដែលក្រុមការងារ1Post ថតបាននេះគឺមានចម្ងាយពីជញ្ជីងថ្លឹងរថយន្តអូរចំណាជាងពីរគីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្រព្រះសីហនុ។
ទាក់ទងសកម្មភាពនេះលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បន្ទាប់ពីទទួលសារសំណួរ និងរូបភាពពី 1Post បានឱ្យដឹងថា លោកបានផ្ញើព័ត៌មានននេះទៅប្រធានស្ថានីយ៏ ក៏ដូចជាក្រុមការងារចម្រុះត្រួតពិនិត្យលក្ខណៈយានយន្តថ្នាក់ក្រសួង។ការដឹកនេះមិនលើសទម្ងន់កម្រឹតកំណត់អនុគ្រោះទេ តែមានលក្ខណះសំពីងសំពោងដែលគួរត្រូវយកចិត្តទុកដាក់ក្នុងការណែនាំ ដើម្បីសុវត្ថិភាពក្នុងការបើកបរផងដែរ។
បើតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាត្រា៥៦ ត្រង់ចំណុច៤ បានចែងថា ប្រសិនបើបន្ទុកត្រូវលូតហួស១ម៉ែត្រពីគែមខាងក្រោយនៃយានពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឱ្យលើសហួសពីគែមទទឹងយានហើយកម្ពស់មិនត្រូវឱ្យហួសលើសពីដំបូលយានឡើយ។ លើកលែងតែរថយន្តផ្ទុកមនុស្សអតិបរមាចំនួនត្រឹម២០នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមា០,៥០ម៉ែត្រពីលើដំបូលឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
ចុះបើយើងក្រឡេកមកមើលរថយន្តនេះវិញតើវាកំពុងប្រឈមនឹងគ្រោះថ្នាក់អ្វីខ្លះ? ពោលគឺផ្ទុយពីច្បាប់ ហេតុអ្វីអស់លោកមន្រ្តីជំនាញបានកន្ទេលធំបន្លំដេកឱ្យបន្តដំណើរទៅមុខបាន?
ដោយឡែកក្រៅពីសកម្មភាពខាងលើ តាមវីឌីអូដែល 1Post ទទួលបានបង្ហាញថា ក៏មានសកម្មភាពការលូកហោប៉ៅដើរទៅចាប់ដៃជាមួយមន្ត្រីជញ្ជីងមុនឡើងថ្លឹងច្រើនជាងការដែលថ្លឹងរួចហើយទៅចាប់ដៃជាមួយមន្ត្រីជញ្ជីង។ ដែលការនេះបង្ហាញឱ្យដឹងថា តៃកុង ឬប្រូឡានដឹងជាមុនហើយថាការដឹករបស់ខ្លួនលើសទម្ងន់ ឬក៏ល្មើសបច្ចេកទេស គ្រាដែលការបើកឡើងថ្លឹងហើយទើបត្រឡប់ក្រោយមកចាប់ដៃមន្ត្រីវិញនឹងចំណាយពេលយូរ។ ព្រោះតែអាគារណាត់ជួបមានចម្ងាយឆ្ងាយជាងពេលដែលចុះជួបមុនឱ្យហើយ៕ រំដួល