សេចក្ដីរាយការបានឱ្យដឹងថា ក្រុមអ្នកដឹកខ្សាច់តាមឡានធុនធំមួយចំនួនគប់គិតគ្នាជាមួយអ្នកតាំងខ្លួនជាសមត្ថកិច្ច ដោយបង់ប្រាក់ក្នុងមួយឡាន ៧ម៉ឺនរៀល ដើម្បីដឹកល្មើសបច្ចេកទេសដឹកបានច្រើនលើសកម្រិតកំណត់នៅលើផ្លូវជាតិលេខ ៥៥ ពីស្រុកភ្នំក្រវាញ ទៅដល់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល ឈរជើងនៅចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨ ចាំរាប់ក្បាលឡានយកប្រាក់ ខ្លះបង់ផ្ទាល់ដៃ ខ្លះក៏ផ្ញើតាម App ធនាគារ និងភ្នាក់ងារផ្ញើប្រាក់ជាដើម ឱ្យទៅបុរសម្នាក់ឈ្មោះ ម៉ៅ។ សម្លេង
បច្ចុប្បន្នកំណាត់ផ្លូវមួយនេះបែករបើកប្រេះកើតជាជង្ហុកជាទួល ពិសេសត្រង់ចំណោតចុះឡើងភ្នំ ១៥០០ និងម្ដុំស្ទឹងកាច់ អា៤ ដែលរងការខូចខាតធ្ងន់ធ្ងរ គ្រាដែលរថយន្តខ្លះប្រភេទ វេអង បណ្ដោយទ្រុងប្រវែង ៨ម៉ែត្រ កម្ពស់ ២ម៉ែត្រ ទៅ ២.១០ម៉ែត្រ និងទទឹង ២.៥០ម៉ែត្រ។ ហើយខ្សាច់ស្ងួត ១ម៉ែត្រគីប ទម្ងន់១៥០០គីឡូ បើផ្ទុកស្មើទ្រុងបាន ៤០ម៉ែត្រគីប ស្មើនឹង៦០តោន បូកនឹងទម្ងន់តួឡាន ១៩តោនទៀត ស្មើ ៧៩តោន តែបើខ្សាច់នោះសើមទម្ងន់កាន់ធ្ងន់បន្ថែមទៀត។
ទាក់ទងនឹងការលើកឡើងនេះបុរសម្នាក់ដែលប្រើលេខទូសព្ទទទួលប្រាក់ក្រុមតៃកុងឡាន បានឱ្យ 1Post ដឹងថា អត់មានអ្នកណាទាមទា ឬ ដាក់លក្ខណខណ្ឌអ្វីទេ។ ការចុះធ្វើការលើដងផ្លូវនោះគឺមានការអនុញ្ញាតពីថ្នាក់លើ។ ហើយគោលដៅខាងលើជាទីតាំងត្រួតពិនិត្យស្រាវជ្រៀវបង្ក្រាបបទល្មេីសធនធានធម្មជាតិ និរបង្ការបង្ក្រាបបទល្មេីសផ្សេងៗដែលកេីតឡេីងដោយយថាហេតុ រួមទាំងមានការឯកភាពពីថ្នាក់លើផងដែរឱ្យធ្វើការណែនាំអ្នកបើកបររថយន្តធុនធំដឹកលេីសទម្ងន់គ្រប់ប្រភេទ (ផ្ទាល់មាត់) ឱ្យដឹកតាមលក្ខណះស្តង់ដាមិនបង្កការខូចខាតផ្លូវសាធារណៈតែប៉ុណ្ណោះ។ នៅក្នុងនោះត្រង់ពាក្យដែលថា អត់មានអ្នកណាទាមទា ឬ ដាក់លក្ខណខណ្ឌអ្វីទេ ផ្ទុយពីខាងអ្នកបង់ប្រាក់លើកឡើងថា បើមិនចាយលុយ គឺឃាត់ឡានទុក និងចង់អូសយកទៅឡើងជញ្ជីង ឬ ទៅកន្លែងមេជាដើម។
លោកឧត្តសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានលើកឡើងខ្លីថា ការងារខាងលើបានស្រាយបំភ្លឺជូនក្រសួងរួចហើយ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បន្ទាប់ពីទទួលសារសំណួរហើយ លោកអភិបាលបានតបថា ទទួលអរគុណ តែមិនទាន់មានការបញ្ជាក់ ឬ ឆ្លើយតបនឹងសំណួរដែលក្រុមការងារយើងបានសាកសួរនៅឡើយ។
លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីទទួលសារសំណួរតាមបណ្ដាញតេឡេក្រាម។
សូមរម្លឹកថា ករណីនេះធ្លាប់បានផ្ទុះរឿងម្ដងហើយបន្ទាប់ពីបែកធ្លាយឯកសារ ហើយក៏មានការស្រាយបំភ្លឺពីសមត្ថកិច្ច និងបានស្ងប់ស្ងាត់សកម្មភាពមួយរយៈ ហើយក៏បានកើតឡើងវិញនាពេលចុងក្រោយនេះ។ ហើយអ្វីដែលកាន់តែឆ្ងល់នោះ បើទាក់ទងនឹងការផ្ទុកលើសទម្ងន់កម្រិតកំណត់ជាធម្មតាគឺជាតួនាទីខាងជំនាញសាធារណៈការ តែនេះបែជាខាងនគរបាលសេដ្ឋកិច្ចមកពាក់ព័ន្ធទៅវិញ។ តើជាជនក្លែងបន្លំ ឬ ការធ្វើលើសតួនាទី សូមអ្នកពាក់ព័ន្ធជួយតបសារសំណួរផង គ្រាដែលយើងខ្ញុំរង់ចាំការបញ្ជាក់ដើម្បីលម្អិតរឿងនេះ៕