
ការកាយដីលក់គ្មានច្បាប់ និងអត់បង់សួយសា (ពន្ធ) ធ្វើទៅបានរួចរាល់យូរខែមកហើយទំហំជិត ២ហិកតានៅលើដីទំនប់ព្រៃថ្នាំងជាប់នឹងរណ្ដៅអាងរបស់ក្រុមហ៊ុនទឹកស្អាត ដែលជាដីរបស់រដ្ឋស្ថិតនៅភូមិ រើងពើង ឃុំស្កុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្បែរនឹងភ្នំមួយឈ្មោះ ភ្នំបន្លែ។

ប្រភពដំណឹង 1Post ទទួលបានឱ្យដឹងថា សកម្មភាពកាយដីយកទៅលក់នោះឈ្មួញបានធ្វើឡើងក្រោមខ្សែភ្នែកមន្ត្រីជំនាាញ អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបណ្ដាលឱ្យផ្លូវក្នុងភូមិរងការខ្ទេចខ្ទាំ ឥលូវក្រុមកាយនិងដឹកជញ្ជូនខាងលើបានបញ្ឈប់សកម្មហើយ តែមានឈ្មួញមួយក្រុមទៀតកំពុងកាយដីនៅជើងភ្នំបន្លែ និងដីក្បែរៗនោះដឹកជញ្ជូនដោយល្មើសបច្ចេកទេសច្បាប់ មិនគ្រប់ ដឹកលើសទ្រុងធ្លាក់លើផ្លូវក្នុងភូមិដែលកំពុងទ្រុឌទ្រោមស្រាប់ឱ្យខូចខាតបន្ថែមទៀត និងបន្តដឹកជញ្ជូនឡើងមកលើផ្លូវកៅស៊ូលេខ ១៤៣ ដើម្បីចាក់បំពេញដីឱ្យថៅកែនៅខាងកើតភូមិ រើងពើង។

ទាក់ទងសកម្មភាពឈ្មួញជីកដីរដ្ឋលក់នៅទំនប់ព្រៃថ្នាំងហើយបោសកូថខោដើរចេញនោះលោក បិន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ឱ្យសួរទៅខាងជំនាញធនធានទឹក ដោយលោកពុំបានបញ្ជាក់ពីការនិងត្រូវមានចំណាត់ការយ៉ាងណាលើឈ្មួញដែលកាយដីលក់កើតជារណ្ដៅលើទំហំដីជិត ២ហិកតានោះទេ។សម្លេង
ចំណែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមដែលកាយដីនៅឃុំ រើងពើង នោះអត់មានច្បាប់ទេ ហើយក្រុមខ្លះគឺបានធ្វើផ្គើន។ សម្លេង

ទោះយ៉ាងនេះក្ដី ឈ្មួញដែលកាយដីលក់ជិត ២ហិកតានៅទំនប់ព្រៃថ្នាំង រួចហើយដើរចេញនោះត្រូវបានប្រភពសុំមិនបញ្ចេញអត្តសញា្ញណទម្លាយឱ្យដឹងថា មានឈ្មោះហេង រស់នៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ហើយកាលជីករណ្ដៅអាងនៅជាប់គ្នារបស់ក្រុមហ៊ុនទឹកស្អាតនោះក៏ពុំបានបំពេញកាតព្វកិច្ចច្បាប់កាយដី និងបង់សួយសា (ពន្ធ) ឱ្យបានត្រឹមត្រូវគ្រប់ចំនួនតាមដែលបានជីកលក់នោះទេ។

ប្រភពបានបន្តទៀតថា បើចង់ដឹងច្បាស់សូមសមត្ថកិច្ចជំនាញថ្នាក់លើបើកការស៊ើបអង្កេតស្រាវជ្រាវចុះវាស់វែងដល់ទីតាំង គ្រាដែលម្ចាស់អាជីវកម្មកាយដីលក់មួយចំនួនក្នុងខេត្តកំពង់ស្ពឺមិនទាន់បង់ពន្ធគ្រប់គ្រាន់ត្រឹមត្រូវតាមចំនួនអាចម៌ដែលបានកាយលក់ជាក់ស្ដែងចូលរដ្ឋ តែឈ្មួញមុខសញ្ញាដដែលនោះអាចជីកថែម និងជីកថ្មីបានជាបន្តបន្ទាប់ ដូចជានៅចំណុចអូរក្រាំងអំបិល ទំនប់ទឹកត្រពាំងមាន់ រណ្ដៅដីនៅត្រពាំងមាន់ រណ្ដៅដីនៅជ័យត្រកួន រណ្ដៅដីនៅទំនប់ព្រៃថ្នាំង និងរណ្ដៅដីនៅជាប់ជើងភ្នំបន្លែជាដើម៕ តាពេជ្រ
