សកម្មភាពដឹកជញ្ជូនដីល្មើសបច្ចេកទេស ដឹកលើសទ្រុងមិនគ្របហៀរធ្លាក់មកលើផ្លូវ និងបើកបរពីក្រោយខ្នងស្ថានីយ៍ជញ្ជីងគេចមិនចូលថ្លឹងទម្ងន់ ហើយបន្តឡើងលើផ្លូវជាតិលេខ ៥១ យកទៅចាក់បំពេញដីជាច្រើនហិកតាស្ថិតនៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដីនោះគឺគេដឹកចេញពីរណ្ដៅមួយកន្លែងនៅក្នុងទីធ្លាសាលានាយទាហ៊ានសកម្មស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានចម្ងាយពីទីតាំងចាក់ប្រហែលជាង ៣គីឡូម៉ែត្រ ក្រោយចាក់ដីអស់ពីរថយន្តទើបគេបើកបរកាត់មុខស្ថានីយ៍ជញ្ជីង ត្រឡប់ទៅយកដីបន្តទៀត ពោលគឺរណ្ដៅដីនោះនៅក្បែរស្ថានីយ៍ជញ្ជីង និងគេប្រើច្រកចេញចូលចំនួន ២ (ពេលចូលជិះកាត់មុខស្ថានីយ៍ជញ្ជីង ពេលដឹកចេញជិះពីក្រោយស្ថានីយ៍វិញ) ដែលសកម្មភាពនេះឱ្យគេកើតឆ្ងល់ និងសង្ស័យថា អាចមានការគប់គិតគ្នាព្រោះរឿងប្រយោជន៍ហើយមើលទៅ?
ទាក់ទងសកម្មភាពនេះលោក គង់ សំណាង ម្ចាស់អាជីវកម្មម៉ៅការចាក់បំពេញដីខាងលើបានឱ្យ 1Post ដឹងថា លោកបានសហការគ្នាអស់ហើយគឺចាក់ដីឱ្យអង្គភាពយោធា ដោយមានការយល់ព្រមពីខាងជញ្ជីងព្រោះការងារប្រញាប់ ហើយបើឡើងថ្លឹងនាំឱ្យកកស្ទះនៅកន្លែងជញ្ជីង។ លោកថា បើចង់ដឹងច្បាស់អាចទៅសួរផ្ទាល់នៅទីតាំងចាក់មានកម្លាំងទាហ៊ានប្រចាំការប្រហែល ៥០, ៦០ នាក់ដែរ។ សម្លេង
ចំណែកប្រធានមន្ទីរសាធារណៈការខេត្តកំពង់ស្ពឺ លោក ស៊ូ ស៊ុន្ធរ៉ា មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីក្រុមការងារយើងផ្ញើសារសំណួរទៅកាន់ WhatsApp របស់លោក។ រីឯលោក សោម សុធា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បានទេ ដោយលេខទូរសព្ទលោកធ្លាប់ប្រើខលមិនចូល។
សូមរម្លឹកថា បើតាមរូបភាពយើងខ្ញុំទទួលបាន ក្រៅពីក្រុមរថយន្តដឹកដីល្មើសបច្ចេកទេសខាងលើដែលគេចមិនចូលថ្លឹង ក៏មានរថយន្តដឹកជំនិញជាច្រើនទៀតចូលស្ថានីយ៍នោះផងដែរ ដោយមុននឹងឡើងជញ្ជីង ឃើញមានអ្នកចុះពីរថយន្តដើរលូកហោប៉ៅសម្ដៅទៅរកមាត់ច្រកបន្ទប់របស់លោកមន្ត្រីសាធាណៈការយ៉ាងមមាញឹក។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕