រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹង ស្តីពីការបិទការនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង។
សេចក្តីជូនដំណឹងចុះថ្ងៃទី១១ មករា ឆ្នាំ២០២៣ បានបញ្ជាក់ថា “រដ្ឋបាលជលផលសូមជូនដំណឹងដល់ប្រជានេសាទទាំងអស់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថាត្រី “ប្លាធូ” ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយរាល់ការនេសាទត្រីប្រភេទនេះទាំងអស់ត្រូវបញ្ឈប់”។
រដ្ឋបាលជលផលបានបញ្ជាក់ថា ការបញ្ឈប់ការធ្វើនេសាទត្រីកាម៉ុងក្នុងរយៈពេលនេះ គឺដើម្បីធានាបាននិរន្តរភាព ផលស្តុកត្រីនៅក្នុងធម្មជាតិ និងអំពាវនាវប្រជានេសាទដែលប្រកបរបរនេសាទត្រីកាម៉ុង “ប្លាធូ” ទាំងអស់សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុងតាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះជាកំហិត និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រកម្ពុជាឱ្យមាននិរន្តរភាព៕