បទល្មើសនេសាទអូសគ្រំក្រឡាហូលកំពុងកើតមានពេញបន្ទុកនៅដែនសហគមន៍នេសាទជ្រោយស្វាយ ស្ថិតនៅក្នុងស្រែអំបិល ខេត្តកោះកុង ក្រោមខ្សែភ្នែកមន្ត្រីជំនាញ គ្រាធំក្លិនមិនស្រួលយូរមកហើយ។
សកម្មភាពដែលល្មើសនោះ គឺការប្រើឧបករណ៍ (ឈ្នាងអូស) គ្រំក្រឡាហូល និងប្រើកម្លាំងម៉ាស៊ីនលើសពីច្បាប់អនុញ្ញាត ដោយគេប្រើឈ្នាងប្រវែង ២ម៉ែត្រ ៨តឹក ទៅ ៣ម៉ែត្រ ២តឹក និងប្រើកម្លាំងម៉ាស៊ីនលើសពី ៦៦សេស ដែលផ្ទុយពីប្រកាសលេខ ០៥២ ប្រក.កសក ចុះថ្ងៃទី០២ខែមករា ឆ្នាំ២០២២ បានកំណត់ឱ្យប្រើកម្លាំងម៉ាស៊ីនមិនត្រូវលើសពី ៦៦សេស និងប្រើឧបករណ៍ឈ្នាងអូសមិនឱ្យលើសពី ១ម៉ែត្រ ២តឹក។
ទាក់ទងសកម្មខាងលើលោក ហិន ឡា ប្រធានជលផលបូទុមសាគរ មិនទាន់មានការបញ្ជាក់នៅឡើយ គ្រាដែលក្រុមការងារ 1Post បានផ្ញើសារសំណួរទៅកាន់តេឡេក្រាម និងលេខទូរសព្ទដៃរបស់លោកហើយ តែលោកមិនឆ្លើយតប។ លោក ហិន ឡា ជាប្រធានជលផលបូទុមសាគរ បច្ចុប្បន្នគ្រប់គ្រងដែនសហគមន៍នេសាទចំនួន ៣ស្រុក គឺស្រុកបូទុមសាគរ ស្រុកគីរីសាគរ និងស្រុកស្រែអំបិល។
ចំណែកលោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ចូលមើលសារសំណួរហើយតែមិនឆ្លើយតប ថែមទាំងប្លុកតេឡេក្រាមក្រុមការងារយើងខ្ញុំចោលផងទៀត។
ដោយឡែកលោក ឡាង គីរី អនុប្រធានមន្ទីរកសិកម្ម បានឱ្យ 1Post ដឹងថា ការធ្វើអាជីវកម្មឈ្នាងអូសគ្រំក្រឡាហូលនៅឆកកំពង់សោម ត្រូវបានអនុញ្ញាតតាមប្រកាសលេខ ០៥២ ក្រប.កសក។ហើយក្នុងខែវិច្ចិកា ឆ្នាំ២០២២ អ្នកនេសាទអូសគ្រំ ១០នាក់បានចូលទៅបង់ពន្ធ និងមួយចំនួនទៀតទៅបង់នៅខេត្តព្រះសីហនុ។ លោកថា នៅក្នុងរដូវនេសាទគ្រំក្រឡាហូលនេះ មន្រ្តីអធិការកិច្ចនៃខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះបង្ក្រាបករណីទូកអូសគ្រំក្រឡាហូលធ្វើខុសពីប្រកាសលេខ ០៥២ បានចំនួន ៤គ្រឿង។ ដោយលោកមិនបានបញ្ជាក់លម្អិតពីបច្ចុប្បន្នភាពសកម្មភាពរបស់ក្រុមទូកអូសគ្រំក្រឡាហូល ដែលកំពុងធ្វើលើសច្បាប់នៅដែនសហគមន៍នេសាទជ្រោយស្វាយដែលក្រុមការងារយើងបានសាកសួរនៅឡើយ។
ទោះយ៉ាងនេះក្ដីអ្នកផងដែលដឹងរឿងខាងលើ បានខ្សឹបខ្សៀវមកថា ទូកដែលកំពុងអូសគ្រំក្រឡាហូលក្នុងដែនសហគមន៍ជ្រោយស្វាយមានជាង ២០គ្រឿង និងបានប្រើឧបករណ៍លើសពីប្រកាសលេខ ០៥២ ដែលនាំឱ្យកើតឆ្ងល់ថា តើបទល្មើសកើតឡើងបានដោយសារអ្វី? តើអាចមកពីមន្រ្តីខ្លះបានកន្ទេលធំបន្លំដេកដែរឬទេ? តើអ្នកនេសាទបង់ប្រាក់ក្ដៅត្រជាក់ឱ្យមន្ត្រីណាខ្លះអស់លោកអ្នកពាក់ព័ន្ធសូមជួយបញ្ជាក់ផង? នេះជាសំណួរ?៕ (ភាគ១)