ប្រភពដំណឹងបានឱ្យដឹងថា សម្រាស់ត្រូវបានគេដាក់នៅក្នុងទន្លេហ៊ុំព័ទ្ធចាប់យកត្រីផ្ទុយស្ដីពីច្បាប់ជលផលកំពុងរីកដូចផ្សិតនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សម្រាស់ដែលគេដាក់នោះមានប្រវែងចាប់ពីរ៤រយទៅ៥រយម៉ែត្រ ហើយពួកគេចាប់ផ្តើមហ៊ុំពទ្ធចាប់យកត្រីនៅពេលយប់នៅចំណុចចុងកោះបាយក្រៀម និងចុងភូមិជាដើម។ ចំណែកនៅចំណុចគៀនជីព្រីងខាងត្បូងជាប់កោះបាយក្រៀមក៏មានសម្រាស់ធំៗវែងៗរាប់រយម៉ែត្រជាង ១០កន្លែងសរុបទំហំប្រហែកមិនតិចជាង ២ហិកតាឡើយ។
ទាក់ទងនឹងបទល្មើសនេះកាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៣ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថា បទល្មើសដាក់សម្រាស់ ឬ ហ៊ុំសម្រាស់ចាប់ត្រីខុសច្បាប់ ជាគោលការណ៍លោកធ្លាប់បានណែនាំ និងព្រមានដល់មន្ត្រីជំនាញជលផលគ្រប់សង្កាត់នេសាទ និងគ្រប់ផ្នែកនេសាទ ក្នុងខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងរួចហើយ គឺមិនអនុញ្ញាតឱ្យកើត មានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាដាច់ខាត។
បើករណីកើតមានបទល្មើនៅក្នុងភូមិសាស្ត្ររបស់មន្ត្រីណា គឺនាយសង្កាត់នេសាទ នាយផ្នែកនេសាទនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខមន្ទីរកសិកម្ម ជាមួយគណៈបញ្ជាការឯកភាពខេត្ត ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាមួយប្រមុខរាជរដ្ឋាភិបាលដែលបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់ គឺអាចប្រឈមនឹងការដកមុខដំណែងតួនាទី ឬ បណ្តេញចេញពីក្របខណ្ឌ។
លោកបញ្ជាក់ថា នឹងមានចំណាត់ការដល់មន្ត្រីជំនាញធ្វើយ៉ាងណាត្រូវតែបង្ក្រាបឱ្យអស់ក្នុងពេលឆាប់ៗនេះ បើពុំនោះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
បើតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មក៏ធ្លាប់បានលើកឡើងផងដែរថា យុត្តិសាស្ត្រក្នុងការពង្រឹងច្បាប់លើបទល្មើសនេសាទដោយមិនផ្អែកតែ លើបទល្មើសជាក់ស្តែងនោះឡើយ ឱ្យតែមានភស្តុតាង និងកំណត់អត្តសញ្ញាណនៃជនល្មើសបាន ការឃាត់ខ្លួនអាចធ្វើឡើងគ្រប់ពេល។
គួររម្លឹកថា កាលពីឆ្នាំ ២០២១កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យធ្វើការបង្ក្រាបបទល្មើសនេសាទនៅតាមបណ្ដាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយមិនសម្ដៅត្រឹមតែអ្នកប្រព្រឹត្តតូចតាចប៉ុណ្ណោះទេ ឈ្មួញធំៗនៅពីក្រោយនៃបទល្មើសគឺត្រូវតែបង្ក្រាបឱ្យបានផងដែរ តែរហូតមកដល់ពេលនេះឈ្មួញធំៗប៉ុន្មានអ្នកហើយ ដែលជំនាញជលផលបង្ក្រាបបាន នេះជាសំណួរ?៕ សុក្ខារិន