លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា យុត្តិសាស្ត្រក្នុងការពង្រឹងច្បាប់លើបទល្មើសនេសាទដោយមិនផ្អែកតែលើបទល្មើសជាក់ស្តែងនោះឡើយ ឱ្យតែមានភស្តុតាងនឹងកំណត់អត្តសញ្ញាណនៃជនល្មើសបាន ការឃាត់ខ្លួនអាចធ្វើឡើងគ្រប់ពេល។
ការលើកឡើងដូចនេះគ្រាដែលលោករដ្ឋមន្ត្រី និងសហការី ចុះទៅពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។
លោករដ្ឋមន្ត្រីសង្កេតឃើញថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង ដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះកើតមានបានដោយសារប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មេីសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក។
លោករដ្ឋមន្ត្រីជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើនបើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឱ្យមានរដូវនេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។តុល្យភាពរវាងការអភិរក្ស និងផលិតកម្មជាគន្លឹះនៃនិរន្តរភាព។
ដូច្នេះសូមអ្នកនេសាទទាំងអស់បន្តគោរពច្បាប់នេសាទ ដេីម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។រីឯអ្នកប្រព្រឹត្តល្មើសនឹងប្រឈមនឹងទោសទណ្ឌយ៉ាងតឹងតែង៕