ដើម្បីទាញយកផលប្រយោជន៍ពីទន្លេសាបបានយូរអង្វែង គម្រាងអច្ឆរិយភាពនៃទន្លេមេគង្គ បានអំពាវនាវដល់ប្រជាជនដែលរស់នៅជាប់ដងទន្លេសាប មេត្តាជួយថែរក្សាការពារ និងកុំបោះសម្រាម ចូលក្នុងទន្លេ«សុខុមាលភាពទន្លេសាប សុខុមាលភាពយើងទាំងអស់គ្នា»។
យើងដឹងហើយថា មច្ឆជាតិ មនុស្ស សត្វ និងរុក្ខជាតិ បានទាញយកផលប្រយោជន៍ពីទន្លេសាប យ៉ាងច្រើនរាប់មិនអស់តជំនាន់មកហើយ។ ទន្លេសាប ផ្តល់សុខុមាលភាពដល់មនុស្ស មច្ឆជាតិ សត្វ និងរុក្ខជាតិ។មច្ឆជាតិ សត្វ និងរុក្ខជាតិ ផ្តល់សុខុមាលភាពដល់មនុស្ស។ មនុស្សជាអ្នកទាញយកផលប្រយោជន៍ផ្សេងៗ ពីទន្លេសាប មច្ឆជាតិ សត្វ និងរុក្ខជាតិ។
ជារៀងរាល់ឆ្នាំ មនុស្សចាប់ត្រីរាប់លានតោនពីក្នុងទន្លេសាប ចាប់សត្វផ្សេងៗ ធ្វើជាចំណី កាប់រុក្ខជាតិសម្រាប់ធ្វើផ្ទះ និងធ្វើអុសដុតចម្អិនអាហារ ព្រមទាំងប្រើប្រាស់ទឹកទន្លេសាបសម្រាប់របរកសិកម្ម និងតម្រូវការផ្សេងៗទៀត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូចនេះ ទន្លេសាបបានជួយទ្រទ្រង់ជីវិត មនុស្ស សត្វ និងមច្ឆជាតិរាប់មិនអស់។ ហើយយើងសួរខ្លួនឯងវិញថា បានចូលរួមអ្វីខ្លះដើម្បីភាពយូរអង្វែងនៃប្រយោជន៍នេះ? តើការសងគុណទន្លេសាបវិញគ្រាន់តែរក្សាបរិស្ថានធ្វើមិនបានឬយ៉ាងណា?
គួររំលឹកថា ទន្លេសាប គឺជាទន្លេមួយដ៏សំខាន់ក្នុងចំណោមទន្លេផ្សេងទៀតដែលមានវត្តមាននៅកម្ពុជាដែលតភ្ជាប់បឹងទន្លេសាបជាមួយទន្លេមេគង្គ និងទន្លេបាសាក់ នៅចំណុចប្រសព្វទន្លេទាំងបួន គឺទន្លេចតុមុខ។ ទន្លេសាប មានប្រវែងជាង១២០គីឡូម៉ែត្រ ហូរឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ឆ្នាំមច្ឆជាតិជាច្រើនប្រភេទ និងរាប់សិបលានតោន បានឆ្លងកាត់ទន្លេសាបសម្រាប់បំពេញវដ្ដជីវិត រវាងទន្លេមេគង្គ និងបឹងទន្លេសាប៕