ដីចំណីព្រែកអណ្ដូងទឹកត្រូវបានគេវាតទីយកជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ គ្រាដែលមានគ្រួសារពលរដ្ឋមួយចំនួនបានរស់នៅតជំនាន់តាំងពីស្រុកទេសមិនទាន់រៀបរយ នាំឱ្យអ្នកមកក្រោយយកលេសថា ធ្វើតាមវប្បធម៌អ្នកស្រុកដែលរស់នៅទីនោះ។
អ្នកដែលមានដីនិងវាតទីយកចំណីព្រែកអណ្ដូងទឹក ត្រូវគេខ្សឹបខ្សៀវមកថា ជាមន្ត្រីគយប្រចាំស្រុកស្រែអំបិលគឺលោក បាន សំរេច ដែលមានដីនៅក្នុងភូមិអណ្តូងទឹក ឬ អ្នកខ្លះហៅចំណុចភូមិឥស្លាម ស្ថិតនៅក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយគេធ្វើរបងបេតុងវាតទីដល់ចំណីព្រែក និងបូមខ្សាច់ចាក់បំពេញបានសម្រេចរួចរាល់ហើយ។
ទាក់ទងការលើកឡើងនេះលោក បាន សំរេច ប្រធានសាខាគយ និងរដ្ឋាករ ស្រុកស្រែអំបិលបានឱ្យ 1Post ដឹងថា ដីខាងលើគឺប្រពន្ធលោកទិញពីប្រជាពលរដ្ឋ និងបានសុំច្បាប់បូមខ្សាច់តាំងពីភូមិឃុំស្រុករហូតដល់មន្ទីរ៉ែនិងថាមពល ហើយបង់សួយសារត្រឹមត្រូវ។ ចំណែកថា វាតទីយកចំណីព្រែកគឺមិនត្រឹមត្រូវទេ ព្រោះយើងធ្វើរបងការពារព្រំដី ចំពោះចំណីព្រែកបើរដ្ឋត្រូវការយើងប្រគល់ឱ្យវិញ។
ដីចំណីព្រែកអណ្ដូងទឹកនេះ ក៏មានទីតាំងមួយកន្លែងទៀតដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងគ្រួសាររបស់មន្ត្រីរដ្ឋបាលស្រុកបូទុមសាគរផងដែរ តែកន្លងទៅត្រូវបានមន្ត្រីរូបនោះមិនឆ្លើយតបនឹងសំណួរអ្នកកាសែតនោះទេ គ្រាដែលលោកអភិបាលស្រុកបានប្រាប់អ្នកកាសែតថាអ្នកណាដែលវាតទីលើសដល់ដីចំណីព្រែកអាជ្ញាធរបានបញ្ជាឱ្យកាយដីចេញវិញហើយ។ តែជាក់ស្ដែងគឺមិនកាយចេញឱ្យដូចដើមនៅឡើយ។
ដោយឡែកបើមើលតាមទិដ្ឋភាពនៅតំបន់នោះមានសំណង់ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងរស់នៅតាំងពីដើមមក ដែលសំណង់ភាគច្រើនគឺផ្ទាល់ដី ពោលគឺរស់នៅលើចំណីព្រែកដែលក្នុងច្បាប់បានចែងថាជាសម្បត្តិរជាតិទុកបម្រើឱ្យផលប្រយោជន៍សាធារណៈ ប៉ុន្តែដោយសម័យមុនមិនទាន់រៀបរយក៏ពួកគាត់ចេះតែរស់នៅតកូនតចៅមក ផ្ទុយពីសង្គមបច្ចុប្បន្នដែលអាជ្ញាធរគួរតែការពារកុំឱ្យមានការបំពានថ្មីបន្ថែម និងរៀបចំឱ្យមានភាពប្រសើរឡើងវិញ ដោយស្របទៅតាមច្បាប់ និងអនុក្រិតរបស់រាជរដ្ឋាភិបាលដែលមានស្រាប់។
សូមរម្លឹកថា បើតាមអនុក្រិតលេខ ៩៨ អ.ន.ក្រ.ប.ក ក្នុងមាត្រា៨ បានចែងថា ចំណីព្រែកទុកចំងាយ ២០ម៉ែត្រ គិតពីមាត់ព្រែក។ តែអ្នកមួយចំនួនដែលមានចិត្តលោភលន់តែងតែលើកហេតុផលថា ជារប្បធម៌រស់នៅរបស់អ្នកស្រុកតាំងដើមមកធ្វើតាមគ្នា ឬ ក៏ពោលថា ពេលរដ្ឋត្រូវការនឹងប្រគល់ឱ្យវិញ គ្រាដែលខ្លួនជាមន្ត្រីកំពុងតែបំពានច្បាប់ហើយនោះ តើជាការផ្ដល់គំរូអ្វីដល់ពលរដ្ឋឱ្យចូលរួមគោរពច្បាប់នាយុគសម័នេះ នេះជាសំណួរ៕ តាពេជ្រ