អាជីវកម្មជីករណ្ដៅដី និងខ្សាច់មានច្រើនកន្លែងនៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង តែថ្ងៃនេះ1Post សូមបង្ហាញសកម្មភាពដែលកំពុងកើតមាននៅឃុំទ្រា និងឃុំត្រពាំងវែង ឃុំថ្មី នៃស្រុកមួយនេះ ដោយក្រុមឈ្មួញបានធ្វើល្មើសបទដ្ឋានបច្ចេកទេសទាំងការជីក បូម ការដឹកជញ្ជូន និងគ្មានសុវត្ថិភាព គ្រាដែលមានមនុស្សមួយក្រុមចាំចាប់ដៃបើកបិទប៉ារាស់នៅលើផ្លូវសាធារណៈរបៀបកុងត្រូលជជុះ។
សកម្មភាពល្មើសទាំងនោះមានដូចជា ការដឹកជញ្ជូនដីនិងខ្សាច់លើសទ្រុងមិនគ្រប រថយន្តខ្លះគ្របឱ្យតែបាន តែដឹកលើសទ្រុងធ្វើហៀរធ្លាក់មកលើផ្លូវបង្កឱ្យជាធូលីផ្លូវ កើតជាជង្ហុក និងខូចផ្លូវព្រោះតែរថយន្តកែឆ្នៃខុសស្តងដា។ រថយន្ត ៥តោន ស្តង់ដាដឹកត្រឹម ៥ម៉ែត្រគីប តែដឹកដល់ ៧គីបរថយន្តត្រូវដឹក ៧គឺប ឡើងដល់១០គីបជាដើម ដែលក្រុមរថយន្តទាំងនោះភាគច្រើនបានដឹកចេញមកពីរណ្ដៅដីលោក ផល សុភាព ស្ថិតនៅខាងកើតវត្តអង្គកែវឧត្ដម ក្នុងភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង គ្រាដែលនៅក្បែរគ្នានោះក៏មានរណ្ដៅមួយផ្សេងទៀតកំពុងធ្វើសកម្មភាពដូចគ្ផងដែរនា។ រីឯរណ្ដៅខ្សាច់ រណ្ដៅដី ដែលជ្រៅសឹងតែដល់ក្បាលប្រែតនៅជាប់ភូមិប្រជាពលរដ្ឋក៏មិនឃើញធ្វើរបងការពារសុវត្ថិភាពល់មនុស្សនិងសត្វចិញ្ចឹមដែលអាចប្រឈមនឹងគ្រោះថ្នាក់។
ទាក់ទងសកម្មភាពខាងលើលោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង មិនទាន់មានការបញ្ជាក់ទេលើបញ្ហាថយន្តដឹកល្មើសបច្ចេកទេស និងការគោរពវិធានការសុវត្ថិភាពរបស់ម្ចាស់អាជីវកម្មទាំងនោះ។ ដោយលោកគ្រាន់តែប្រាប់ឱ្យដឹងពីក្រុមមនុស្សដែលចាំចាប់ដៃបើកបិទប៉ារាស់នៅលើផ្លូវសាធារណៈប៉ុណ្ណោះ (សម្លង)។
ចំណែកក្រុមម្ចាស់អាជីវកម្មខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
សូមរំលឹកផងដែរថា អន្តរក្រសួងដែលពាក់ព័ន្ធនាពេលកន្លងទៅ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដី និងខ្សាច់ គ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឱ្យជិត មិនត្រូវធ្វើឱ្យដី និងខ្សាច់ធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់សុវត្ថិភាពនិងផលប្រយោជន៍សាធារណៈ ដោយត្រូវគោរពបទដ្ឋានបច្ចេកទេសដែលកំណត់។
រីឯបទដ្ឋានបច្ចេកទេសនេះក៏បានកំណត់ដល់អាជីវកម្មរណ្ដៅដី និងខ្សាច់ ជីកឬបូមត្រូវឱ្យឃ្លាតពីភូមិយ៉ាងតិច១០០ម៉ែត្រ ត្រូវធ្វើដោយទុកជើងទេឱ្យត្រឹមត្រូវទៅតាមស្ថានភាពជម្រៅ ត្រូវដកឃ្លាឆ្ងាយពីព្រំដីអ្នកដទៃយ៉ាងតិច៥ម៉ែត្រ និងត្រូវសង់របងព័ទ្ធជុំវិញ ដើម្បីការពារសុវត្ថិភាពមនុស្សនិងសត្វជាដើម ដែលម្ចាស់អាជីវកម្មនៅតំបន់ស្រុកកណ្ដាលកម្រនឹងអនុវត្តន៍ គ្រាកន្លងទៅមានក្មេងៗធ្លាក់ចូលរណ្ដៅទាំងនោះបណ្ដាលឱ្យស្លាប់ទៀតផង៕ តាពេជ្រ