
ប្រភពដំណឹងបានឱ្យដឹងថា មានការគប់គិតគ្នាជាមួយឈ្មួញកាយដីចំណីនិងសណ្ដស្ទឹងព្រែកត្នោតទាំងបំពានច្បាប់ នៅភូមិឈើទាលក្រោម ឃុំរលាំគ្រើល ស្រុកសំរោងទង និងដឹកជញ្ជូនមិនគោរពបទដ្ឋានបច្ចេកទេស (ផ្ទុកលើសទ្រុង មិនគ្របដីធ្លាក់លើផ្លូវកើតជាជង្ហុកដូចអំបែងនំក្រក់) រំខានដល់ជីវភាពអ្នកភូមិ និងអ្នកដំណើរ។
ប្រភពបានបន្តឱ្យដឹងថា សកម្មភាពនេះធ្វើទៅបាន ៥សប្ដាហ៍មកហើយ ដោយគេដឹកជញ្ជូនចេញពីទីតាំងខាងលើឆ្លងកាត់ផ្លូវលំក្នុងភូមិ ផ្លូវកៅស៊ូលេខ ១៣០ និងផ្លូវជាតិលេខ ៤១ យកទៅចាក់បំពេញដីរបស់ថៅកែទំហំរាប់សិបតានៅឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមលោក ញ៉ាញ់ ជាបហង ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានលើកឡើងហាក់ដូចជាពុំបានដឹងរឿងឈ្មួញកំពុងកាយសណ្ដស្ទឹងនោះទេ។ លោកថា ហ្ហេ! កន្លែងនឹងដូចឃាត់ពីរបីដងហើយ ហ្ហីបានមកទៀតហើយ។ សម្លេង
លោក ប៊ុន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ ពុំទាន់មានការបញ្ជាក់ទេ បន្ទាប់ពីទទួលសារសំណួររួចហើយ។
លោក មុត ភន អភិបាលស្រុកសំរោងទង មិនទាន់មានការបញ្ជាក់ទេនៅរសៀលថ្ងៃទី ០៤ មករា ឆ្នាំ២០២៥ នេះ បន្ទាប់ពី 1Post បានផ្ញើសារសំណួរទៅកាន់បណ្ដាញសង្គមរបស់លោក។

គួររម្លឹកថា ការប្រមូលធនធានរ៉ែដី និងកែប្រែប្រភេទដីជាច្រើនកន្លែងនៅខេត្តកំពង់ស្ពឺ ត្រូវបានគេមើលឃើញហាក់ដូចជាអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ ដោយឈ្មួញហ៊ានធ្វើទាំងបំពានច្បាប់ លើការជីកកកាយ ការដឹកជញ្ជូន និងការកែប្រែប្រភេទដីមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវនោះទេ ក្រោយពីពួកគេចាត់ចែងសែនអ្នកតាធំជាម្ចាស់ទឹកម្ចាស់ដី តាមក្បួនអ្នករៀបចំពិធីរួចហើយនោះ ដែលជំនឿផ្លូវក្នុងនេះត្រូវបានពួកគេប្រារព្វឡើងខ្លាចអ្នកតាកាច់ជាចម្បង៕
