អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិវាលវង់ និងភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរអ៊ូរទាំទាំងហួសចិត្តលើបញ្ហាផ្លូវខូចធ្ងន់ធ្ងរយូរឆ្នាំមកហើយក្បែរផ្ទះអភិបាលខេត្តប៉ៃលិន តែមិនឃើញធ្វើឱ្យប្រសើររឹងមាំឡើងវិញ។ វីដេអូ https://fb.watch/e_wAZLTD9E/
ពលរដ្ឋបានឱ្យដឹងថា ផ្លូវមួយខ្សែនេះដើមឡើយជាផ្លូវមួយដែលមានយានយន្តគ្រប់ប្រភេទមមាញឹកឆ្លងកាត់ តែដោយសារខូចខាតធ្ងន់ធ្ងរពេក ធ្វើឱ្យអ្នកដំណើរតាមរថយន្តមិនបើកឆ្លងកាត់ព្រោះតែជង្ហុកច្រើន បើខែភ្លៀងវិញបែកជ្រាំដូចថ្លុកក្របី អ្នកដំណើរដែលទ្រាំឆ្លងកាត់ភាគច្រើនតាមម៉ូតូ និងជាអ្នកភូមិរស់នៅជាប់បណ្ដោយផ្លូវនេះតែម្ដង។
ទាក់ទងបញ្ហាផ្លូវខូចខាងលើចៅហ្វាយក្រុងប៉ៃលិន លោក ស៊ុន យី បានឱ្យ 1Post ដឹងថា ផ្លូវនេះស្ថិតនៅក្នុងគម្រោងឆ្នាំ ២០២៣ របស់សង្កាត់ គ្រោងនឹងសាងសង់អំពីបេតុង។ តែបច្ចុប្បន្នបានត្រឹមជួសជុលៗប្រើសិន។
ទោះយ៉ាងនេះក្ដីក្រុមពលរដ្ឋទទូចដល់អាជ្ញាធរដែលពាក់ព័ន្ធសូមមេត្តាពន្លឿនចុះពិនិត្យមើលបញ្ហានិងដោះស្រាយធ្វើឱ្យផ្លូវនេះអាចធ្វើដំណើរបានដោយភាពងាយស្រួលសិន ខណៈជាផ្លូវនៅនឹងដីក្រុង តែផុង ស្អិត រអិល លើសផ្លូវជនបទខ្លះទៅទៀត៕ VC