សេចក្ដីរាយការមកថា ម្ចាស់រថយន្តវេអងជាច្រើនគ្រឿងដែលដឹកខ្សាច់ថ្មលើសទម្ងន់កម្រិតកំណត់បានបន្តបង់ប្រាក់ចាប់ពី ៥ទៅ ៧ម៉ឺនរៀល ឱ្យបុរសម្នាក់ឈ្មោះ ម៉ៅ ដែលមានគ្នីគ្នាឈរជើងនៅចំនុចអូរលាក់មាស ក្នុងភូមិដំណាក់កន្សែង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ័សាត់ ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨ ផ្លូវជាតិលេខ ៥៥ គ្រាដែលពុំទាន់មានស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់របស់រដ្ឋ បច្ចុប្បន្នកំណាត់ផ្លូវមួយនេះបែករបើកប្រេះកើតជាជង្ហុកជាទួល ពិសេសត្រង់ចំណោតចុះឡើងភ្នំ ១៥០០ និងម្ដុំស្ទឹងកាច់ អា៤។
ប្រភពដំណឹងដែល 1Post ទទួលបានដូចរូបក្នុងវីដេអូនេះ រថយន្តជាច្រើនគ្រឿងដឹកថ្មខ្សាច់ឡើងជញ្ជីងថ្លឹងទម្ងន់របស់ក្រុមហ៊ុនក្រឡុងបេតុងសុបភើមែនឃើញថា រថយន្តទាំងនោះដឹកបានទម្ងន់ចន្លោះពីជាង ៥០តោន ទៅដល់ក្បែរ ៧០តោនក្នុងមួយគ្រឿងៗ ខណៈក្នុងច្បាប់បានកំណត់ឱ្យប្រភេទរថយន្តខាងលើ (វេអងភ្លៅ៥ឬភ្លៅ៦) អាចដឹកបានចន្លោះពី ៤៥ ទៅ ៤៧តោនប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងទៀតថា អ្នកដឹកល្មើសបច្ចេកទេស គឺបានរាយការប្រាប់មុនទៅក្រុមសមត្ថកិច្ចឈរជើងនៅចំណុចអូរលាក់មាស ដែលភាគច្រើន គេដឹកចេញមកកំឡុងម៉ោងទាបភ្លឺ ទិសពីស្រុកភ្នំក្រវាញ ទៅថ្មដាស្រុកវាលវែង ដើម្បីទម្លាក់ខ្សាច់នៅក្រុមហ៊ុនចិនក្រឡុកបេតុងសុបភើមែននោះ។
ទាក់ទងសកម្មភាពនេះ ម្ចាស់លេខទូរសព្ទដែលយកប្រាក់ពីក្រុមអ្នកដឹកខ្សាច់ថ្មខាងលើបានឱ្យ 1Post ដឹងថា អត់មានអ្នកណាទាមទា ឬ ដាក់លក្ខណខណ្ឌអ្វីទេ។ ការចុះធ្វើការលើដងផ្លូវនោះគឺមានការអនុញ្ញាតពីថ្នាក់លើ។ ហើយជាទីតាំងត្រួតពិនិត្យ ស្រាវជ្រៀវ បង្ក្រាបបទល្មេីសធនធានធម្មជាតិ និងបង្ការបង្ក្រាបបទល្មេីសផ្សេងៗដែលកេីតឡេីងដោយយថាហេតុ រួមទាំងមានការឯកភាពពីថ្នាក់លើផងដែរឱ្យធ្វើការណែនាំអ្នកបើកបររថយន្តធុនធំដឹកលេីសទម្ងន់គ្រប់ប្រភេទ (ផ្ទាល់មាត់) ឱ្យដឹកតាមលក្ខណះស្តង់ដាមិនបង្កការខូចខាតផ្លូវសាធារណៈតែប៉ុណ្ណោះ។ សម្លេង
នៅក្នុងនោះត្រង់ពាក្យដែលថា អត់មានអ្នកណាទាមទា ឬ ដាក់លក្ខណខណ្ឌអ្វីទេ ផ្ទុយពីខាងអ្នកបង់ប្រាក់លើកឡើងថា បើមិនចាយលុយ គឺឃាត់ឡានទុក និងចង់អូសយកទៅឡើងជញ្ជីង ឬ ទៅកន្លែងមេជាដើម ដែលរំខានពេលវេលាដល់ការរកទទួលទានរបស់ពួកគាត់។ សម្លេង
លោក ភុំ ផៃឌឿន ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលផែនសេដ្ឋកិច្ច បានឱ្យដឹងថា កម្លាំងខាងលោកអត់បានចុះធ្វើការនៅចំណុចអូរលាក់មាសនោះទេ។ សម្លេង
បើតាមអាជីវករអ្នករកស៊ីដឹកជញ្ជូនសុំលាក់អត្តសញ្ញាណបានឱ្យដឹងថា រថយន្តខ្លះមានទ្រុងប្រវែងបណ្ដោយ ៨ម៉ែត្រ កម្ពស់ ២ម៉ែត្រ ទៅ ២.១០ម៉ែត្រ និងទទឹង ២.៥០ម៉ែត្រ។ ក្នុងនោះខ្សាច់ស្ងួត ១ម៉ែត្រគីប ទម្ងន់ ១៥០០គីឡូ បើផ្ទុកស្មើទ្រុងបាន ៤០ម៉ែត្រគីប ស្មើនឹង៦០តោន បូកនឹងទម្ងន់តួរថយន្តជាង ១៩ តោន ឬលើស ២០តោនទៀត ស្មើ ៧៩ ទៅ ៨០ តោន ប៉ុន្តែបើខ្សាច់នោះសើមទម្ងន់កាន់ធ្ងន់បន្ថែមទៀត។
ទាក់ទងនឹងសកម្មភាពខាងលើលោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីក្រុមការងារបានផ្ញើសារសំណួរទៅកាន់លោកតាមបណ្ដាញតេឡេក្រាម និង WhatsApp របស់លោកទាំង២ (ឃើញទទួលហើយតែមិនតប) គ្រាដែលយើងខ្ញុំកំពុងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វីដេអូ https://fb.watch/wz997Zq4JH/?mibextid=wwXIfr&fs=e