ក្រុមឡានដឹកអាចម៌ដីចេញពីប្រឡាយរបស់រដ្ឋយកទៅលក់ឱ្យថៅកែអ្នកមានប្រាក់ដើម្បីចាក់បំពេញដីជាច្រើនហិកតា ស្ថិតនៅក្នុងភូមិថ្មី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងតែធ្វើឱ្យផ្លូវគ្រោះក្រហមប្រែជាជង្ហុកដូចអំបែងនំក្រក់ កន្លែងខ្លះស្រុតបែកជាអន្លើៗ និងបង្កឱ្យធូលីហុយព្រោះមិនស្រោចទឹក។
ប្រភពដំណឹងបានឱ្យ 1Post ដឹងថា ការដែលបង្កឱ្យបែបនេះព្រោះតែការមិនគោរពច្បាប់ មិនគោរពបទដ្ឋានបច្ចេកទេសក្នុងការដឹកជញ្ជូន ដោយគេដឹកដីលើសទ្រុង មិនគ្របធ្វើឱ្យអាចម៌ដី ឬ ដុំថ្មធ្លាក់លើផ្លូវបង្កជាទួលខ្ពស់ទាបនិងជង្ហុកតូចៗ។ ពេលអ្នកដំណើរជិះឆ្លងកាត់នៅចំណុចនោះរលាក់ឡើងញ័រទ្រូងញ័រក្បាល ជាមួយនឹងធូលីហុយសំពោងដែលប្រឈមទៅនឹងគ្រោះថ្នាក់ និងបញ្ហាសុខភាព។
ប្រភពបានបន្តថា ស្ពានប៉ាឡេ ដែលក្រុមឡានទាំងនោះបើកបរឆ្លងកាត់បានកំពុងស្រុតទ្រុឌទ្រោម បន្ទះដែកខ្នងស្ពានកោងរបើកជាបណ្ដើរៗ តែមិនឃើញអស់លោកមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយទេ ពិសេសជំនាញខាងធនធានទឹកដែលជាអ្នកគ្រប់គ្រងស្ពាន និងប្រឡាយនៅតំបន់នោះ។
ទាក់ទងបញ្ហាខាងលើលោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខាងលោកបានធ្វើផ្លូវឱ្យក្រុមរថយន្តទាំងនោះដឹកដីឆ្លងកាត់ប្រឡាយរួចហើយ មិនឱ្យដឹកឆ្លងកាត់ស្ពានទេ តែពួកគេមិនធ្វើតាមការណែនាំ។ សម្លេង
ចំណែកលោក យង់ ទី មេឃុំរលាំងចក បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូនល្មើសបច្ចេកទេសនោះគឺលោកបានឱ្យមេភូមិធ្វើការជាមួយខាងអ្នកដឹក លោកថាកំពុងរវល់ប្រជុំ ដោយមិនបានបញ្ជាក់ថានឹងមានចំណាត់ការយ៉ាងណាចំពោះអ្នកដែលបំពាននោះទេ។ ដោយឡែកម្ចាស់អាជីវកម្មយើងខ្ញុំមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
សូមរំលឹកផងដែរថា អន្តរក្រសួងដែលពាក់ព័ន្ធនាពេលកន្លងទៅ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដី ឬ ខ្សាច់ គ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឱ្យជិត មិនត្រូវធ្វើឱ្យធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់សុវត្ថិភាពនិងផលប្រយោជន៍សាធារណៈ ដោយត្រូវគោរពបទដ្ឋានបច្ចេកទេសដែលកំណត់ ចុះបើក្រឡេកមកករណីនេះវិញ ហេតុអ្វីគេអាចធ្វើទៅបានយ៉ាងរលូនដោយមិនខ្វល់ពីសុខទុក្ខអ្នកដ៏ទៃ និងហាក់ដូចជាមើលស្រាលច្បាប់បែបនេះ៕ SP