ផ្លូវក្រវ៉ាត់ក្រុងសំរោង ១ខ្សែរនេះត្រូវបានរងការខូចខាតឥតល្ហែរាប់ឆ្នាំមកហើយ កើតជារណ្ដៅតូចធំមិនឃើញធ្វើឡើងវិញឱ្យបានរឹងមាំជាប់បានយូរនោះទេ គ្រាដែលជាផ្លូវធ្វើដំណើរមិនអាចខ្វះបានសម្រាប់អ្នកភូមិរស់នៅតំបន់នោះ។
បើតាមអ្នកភូមិរស់នៅជាប់ផ្លូវខាងលើបានឱ្យ 1Post ដឹងថា ផ្លូវក្រវ៉ាត់ក្រុងតាំងពីធ្វើរួចមកខូចជាបន្តបន្ទាប់ ពោលគឺមិនរឹងមាំនោះទេ ទោះមានការជួសជុលខ្លះៗពីមុនក៏នៅតែខូច។ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកាន់តែខូចធ្ងន់ធ្ងរមិនឃើញធ្វើឡើងវិញបង្កការលំបាក់ដល់ការធ្វើដំណើរ រំខានដល់ការប្រកបការងាររកស៊ី និងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បណ្ដាលឱ្យរបួស ខ្លះក៏ស្លាប់ផងទៀត។ សម្លេង
ទាក់ទងបញ្ហានេះលោក ផុន ចាន់និល អភិបាលក្រុងសំរោង បានឱ្យក្រុមការងារ 1Post ដឹងយ៉ាងខ្លីថា អាជ្ញាធរ និងជំនាញកំពុងសិក្សា និងរកប្រភពថវិកាដើម្បីជួសជុល។ សម្លេង
ចំណែកលោក ឈឿង ផល្លៀង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តឧត្ដរមានជ័យ មិនទាន់មានការបញ្ជាក់នៅឡើយ គិតត្រឹមវេលាចេញផ្សាយនេះ បន្ទាប់ពីក្រុមកសរងារយើងផ្ញើសំណួរទៅកាន់បណ្ដាញតេឡេក្រាមរបស់លោក។
ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏នៅតែកើតឆ្ងល់ហេតុអ្វីផ្លូវធ្វើហើយមិនបានប៉ុន្មានផងរបើកបែកប្រះកើតជាង្ហុក តើការសាងសង់នោះធ្វើតាមស្តង់ដាដែរទេ បានជាខូចលឿនម្លេះ គ្រាដែលផ្លូវក្រវ៉ាត់ក្រុងនេះជាផ្លូវដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ទាំងអ្នកនៅក្នុងតំបន់ អ្នកមកពីឆ្ងាយឆ្លងកាត់ ពិសេសការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ៕