ការធ្វើសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរស់នៅភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបនេះបានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។
ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា -ឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាបច្ចុប្បន្ននេះតាមរយៈការអភិរក្ស និង កិច្ចការពារបាននូវព្រៃឈើ ,សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវ អនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែបដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានាដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។
ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់”។
កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡាបានឱ្យដឹងថាចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថាជីវភាពគ្រាន់គាប់ប្រសើរជាងមុន។អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។ ដោយឡែក អ្នកស្រីទិត្យសុខុនរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថាអ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន។
អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែបខេត្តព្រះវិហារនេះគឺលោក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះគឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។
លោកមាស ហឿបានឱ្យដឹងជុំវិញបញ្ហានេះថាពលរដ្ឋក្នុងតំបន់នេះគឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ។សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង។
គួរបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ។ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ នៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។
តាមឯកសារស្រាវជ្រាវបានបញ្ជាក់ដែរថា ដើមទ្រាំង វាមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។ នៅប្រទេសកម្ពុជាដើម ទ្រាំងត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តមួយចំនួនដូចជា៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី ក្រចេះ ជាដើម។ជាមួយគ្នាប្រជាពលរដ្ឋមួយចំនួនមានជំនឿថា សម្ភារៈធ្វើពីទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ។ក្នុងនេះពួកគាត់មានជំនឿថាចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃទៀតផង៕