សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC នៅព្រឹកថ្ងៃទី១៥ ខែមិនា បានឱ្យដឹងថា ពលរដ្ឋរងគ្រោះដីធ្លីចំនួន ៧សហគមន៍មានគ្នាជាង២០០នាក់ ក្នុងស្ត្រីប្រមាណ៧០% បានព្យាយាមធ្វើដំណើរទៅដាក់ញត្តិនៅសាលាខេត្តព្រះវិហារ តែមិនបានទៅដល់នោះ ដោយមានការរារាំងពីសមត្ថកិច្ច និងអាជ្ញាធរស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្ទាក់នៅតាមបណ្តោយផ្លូវជាតិលេខ៩ មិនអនុញ្ញាតឱ្យពួកគាត់បានទៅដាក់ញត្តិនោះទេ ហើយជម្រុញឱ្យពួកគាត់ឱ្យបើកគោយន្តចូលក្នុងវត្តទួលឧត្តមហៅប្រមេរទាំងអស់។
ទាក់ទងសកម្មភាពនេះ 1Post មិនទាន់សូមការបញ្ជាក់ពីលោកអភិបាលស្រុកត្បែងមានជ័យបាននៅឡើយ។
សូមរម្លឹកថា ពលរដ្ឋ ៧សហគមន៍នោះរួមមានសហគមន៍ ឬស្សីស្រុក សហគមន៍ដីធ្លីអូររំដួលសហគមន៍ជោគជ័យ សហគមន៍សំបូរ សហគមន៍ការឡោត សហគមន៍ភូមិបុស្សការពារដីធ្លីប្រើសក្អក និងសហគមន៍ប្រមេ គ្រោងទៅជួបជុំគ្នានៅមុខសាលាខេត្តព្រះវិហារ ដើម្បីដាក់ញត្តិស្នើសុំលោកអភិបាលខេត្ត ឱ្យកាត់ឆ្វៀលដីជូនពួកគាត់វិញ៕ SP