សេចក្ដីរាយការណ៍ពីសហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរ បានឱ្យដឹងថា បន្ទាប់ពីពួកគេឃ្លាំមើល និងប្រមូលព័ត៌មានបទល្មើសព្រៃឈើរយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីយប់ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងដែនជម្រកការពារសត្វព្រៃព្រះរការ ខេត្តព្រះវិហារ បានជួបប្រទះបទល្មើសកាប់ឈើចំនួន ២៥០ករណី ត្រូវបានកាប់ផ្ដួលរំលំ ដុតបំផ្លាញ មានដើមឈើទាល(យាង) ត្រាច គគី ផ្ចឹកឧត្តម កកោះ សុក្រំ ពពេល ស្ទៀង ផ្តៀក ស្ពង់ និងត្រសេកជាដើម ដែលមានមុខកាត់ចាប់ពី ៣៥សម ដល់២២០សម។
ទន្ទឹមនឹងនេះយើងបានរកឃើញឈើគ្រឿងផ្ទះចំនួន ២១១សន្លឹក ឈើតាប់១៣៥សន្លឹក ឧបករណ៍ជួសជុលម៉ាស៊ីនអារឈើ ២ឈុត , ប្រេងខ្មៅប្រមាណ ៨០លីត្រ, សាំង ០៤កាន, កាំបិត ខ្វែវ ពូថៅ ដូយ រណាយន្ដចំនួន០៥គ្រឿង ឡាម ០៦ ច្រវ៉ាក់ ០៩ខ្សែ គោយន្តដឹកឈើចេញចំនួន ០២គ្រឿង និងជួបមនុស្ស២៤នាក់ នៅទីតាំងផ្សេងគ្នាដែលពួកគេឆ្លើយថាមកពី តាកែវ សៀមរាប និងកំពត ក្នុងនោះក៏មាន អតីតជាទាហ៊ានផងដែរ។
មនុស្សដែលសហគមន៍បានជួបប្រទះក្នុងព្រៃភាគច្រើនពួកគេឆ្លើយថា ពួកគេស៊ីឈ្នួល កាប់ឈើឱ្យថៅកែធី និង ឌី (ដែលត្រូវបានស្គាល់ថាជាកូនថៅកែធី)។ សហគមន៍ក៏បានជួបប្រទះឃើញមនុស្សម្នាក់ដែលសង្ស័យជាថៅកែឈើ ដោយសារតែបុគ្គលនោះមានថ្នាំពណ៌ចំនួន០៤កំប៉ុងនៅចំនុចដំណាក់ច្បោះពួរ៉ាត់ (X:521034, Y:1542140) ដែលជាទូទៅគេប្រើវាសម្រាប់បាញ់តាមដើមឈើដើម្បី សម្គាល់លេខចំនួនដើមឈើដែលត្រូវកាត់។
ទាក់ទងនឹងការលើកឡើងខាងលើ នាយកដែនជម្រកសត្វព្រៃព្រះរការ លោក យ៉ាន់ បុនសឿង បានលើកឡើងថា ឱ្យសួរទៅខាងថ្នាក់ដឹកនាំ ដោយលោករវល់ប្រជុំ។ ចំណែក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ពាក់ព័ន្ធករណីនឹងបានចុះធ្វើការរួចអស់ហើយ យើងមានសេចក្ដីបំភ្លឺអស់ហើយ ឥលូវលោកកំពុងជាប់ប្រជុំ។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ក៏បានលើកឡើងថា មានគេរិតត្បិតហាមឃាត់សហគមន៍យុវជនសាធារណជនមិនឱ្យចុះល្បាតការពារព្រៃឈើ និងមន្ត្រីខ្លះហាក់អសកម្មការងារផងទៀត ដែលពួកគេមិនអាចទទួលយកបាន ចំពោះបទល្មើសព្រៃឈើដែលមានសភាពទ្រង់ទ្រាយធំយ៉ាងអនាធិបតេយ្យបែបនេះ។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕