រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 30 កក្កដា 2022
រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម

ពលរដ្ឋរាយការណ៍មកថា មិនជារឿងថ្មីទេសម្រាប់សកម្មភាពក្រុមរថយន្តយីឌុបខ្នាតយក្សដឹកអុសសាទែ ដោយផ្ទុកលើសទ្រុងរាប់ម៉ែត្រ តែអាចដឹកឆ្លងកាត់មុខក្រុមនគរបាលចរាចរណ៍ដែលឈរជើងចាំអនុវត្តន៍ច្បាប់នៅលើផ្លូវជាតិលេខ៦ ដែលនៅមិនឆ្ងាយប៉ុន្មានពីអធិការដ្ឋាននគរបាលស្រុកបាធាយ និងអាចបើកឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម បានយ៉ាងរលូន ដោយគ្រាន់តែឃើញប្រូរថយន្តចុះពីរថយន្តដើរទៅកាន់បន្ទប់របស់មន្ត្រីជញ្ជីង។ ដែលនាំឱ្យមានការកើតឆ្ងល់ថា ការដឹកបែបនេះមិនល្មើសច្បាប់ឬយ៉ាងណា? វីដេអូ https://fb.watch/eEczeFM3Bq/

ជាក់ស្ដែងដូចរូបភាពដែលកំពុងបង្ហាញនេះគឺក្រុមការងារ 1Post ថតបាននៅល្ងាចថ្ងៃទី២៨ កក្កដាឆ្នាំ២០២២ នៅចំណុចកន្លែងនគរបាលចរាចរណ៍ស្រុកបាធាយឈរជើងចាំអនុវត្តន៍ច្បាប់ និងស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម។

រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម

ទាក់ទងសកម្មភាពនេះលោក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានឱ្យដឹងថា មូលហេតុ​ដែលមន្រ្តីនគរបាលចរាចរណ៍ ដែលឈរជេីងនៅក្នុងស្រុកបាធាយ​ មិនបានហៅឃាត់រថយន្ដខាងលេីនេះ​ ដោយសារតែជាបទល្មេីស​ ដែលគោលដៅស្រុកព្រៃឈរបានធ្វេីការអប់រំ​ និងចេញបង្កាន់ដៃពិន័យ​រួចហេីយ​។ ប៉ុន្តែក្នុងខ្លឹមសារនោះលោកនិយាយរៀបរាប់ពីរថយន្តផ្សេងដែលគោលដៅព្រៃឈរធ្វើការផាកពិន័យនៅវេលាម៉ោង៨:៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០២២ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ​ភ្នំពេញ​ 3D-7392 ផ្ទុយពីរូបភាពដែល 1Post ថតបានគឺនៅវេលាម៉ោង១៦:៤៥នាទីល្ងាចថ្ងៃទី២៨ កក្កដា ឆ្នាំ២០២២ ដែលរថយន្តទាំងនោះមានស្លាកលេខកំពង់ចាម 3A-2867 ភ្នំពេញ 3C-8316 ភ្នំពេញ 3A-2910 និងកំពង់ចាម 3A-0405។

រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម

ចំណែកលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មិនទាន់មានការបញ្ជាក់នៅឡើយបន្ទាប់ពីទទួលបានសារសំណួរ និងរូបភាពពី 1Post តាមលេខទូរសព្ទដៃ និងតាមតេឡេក្រាមរបស់លោកកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២២ ដោយតែចូលមើលតែមិនតប។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏មិនមានការឆ្លើយតបដែរបន្ទាប់ពីទទួលបានសារសំណួរពី 1Post កាលពីព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២២។

រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម

ដោយឡែកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ចាម លោក សុខ លឹមហៀង1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

ទោះយ៉ាងនេះក្ដីពលរដ្ឋកើតឆ្ងល់នៅតែចង់ដឹងថា ហេតុអ្វីក្រុមរថយន្តយីឌុបខ្នាតយក្សដឹកអុសសាទែផ្ទុកលើសទ្រុងរាប់ម៉ែត្រ តែអាចដឹកឆ្លងកាត់មុខក្រុមនគរបាលចរាចរណ៍ដែលឈរជើងចាំអនុវត្តន៍ច្បាប់ និងស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម បានយ៉ាងរលូនបែបនេះទៅវិញពិសេសក្រុមរថយន្តដែលមានឡូហ្គោ DN៕

រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម រថយន្តយីឌុបដឹកអុសសាទែលើទ្រុងរាប់ម៉ែត្រ អាចបើកកាត់មុខនគរបាលបាធាយ និងជញ្ជីងថ្លឹងទម្ងន់ថ្នល់កែងកំពង់ចាម