ប្រជាសហគមន៏ទន្លូង និងជាំក្រៀន ប្រមាណជាង៤០គ្រួសារ ក្នុងមានស្ត្រីចំនួន១០នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំគ្នាឡើងទៅសាលាឃុំទន្លូង ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីឱ្យលោកមេឃុំជួយអន្តរាគមន៍ ពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជួនពួកគាត់។
សហគមន៍បានត្អួញត្អែថា អាជ្ញាធរបានធ្វើការវាស់វែងដីធ្លីជូនពួកគាត់បីដងរួចមកហើយ តែមកដល់បច្ចុប្បន្ននេះនៅតែមិនទាន់ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់នៅឡើយ រីឯលោកមេឃុំទន្លូងបាននិយាយថា ដីដែលយឺតយូរក្នុងការចេញប័ណ្ណកម្មសិទ្ធិគឺបណ្តាលមកពីដីនោះនៅមានជម្លោះជាមួយអ្នកស្រី តោង សំអាត (ហៅ យាយហ៊ុ) ហើយលោកមេឃុំបន្តថា បើចង់បានប្លង់កម្មសិទ្ធិទាល់តែប្រជាសហគមន៍យល់ព្រមចែកដីគ្នាជាមួយ អ្នកស្រី តោង សំអាត តាមគោលនយោបាយឈ្នះៗ។
ចុងក្រោយលោកមេឃុំបញ្ជាក់ថា ដើម្បីឱ្យដឹងកាន់តែច្បាស់លោកស្នើឱ្យប្រជាពលរដ្ឋឡើងទៅសួរសូរិយោដីស្រុកមេមត់បន្ថែមទៀត។
ទាក់ទងការលើកឡើងនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីលោកមេឃុំ និងប្រធានការិយាល័យសុរិយោដី ស្រុកមេមត់ បាននៅឡើយ។
សូមរម្លឹកថា បញ្ហាវិវាទដីធ្លីរវាងក្រុមហ៊ុន ម៉ែន សារុន និងសហគមន៍ទន្លូង និងជាំក្រវៀន គឺបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ៕ ប្រភព CCFC