អ្នកភូមិ ១៤១គ្រួសារប្ដឹងទៅថ្នាក់លើឱ្យប្ដូរមេភូមិពាមតាអួ នៅស្រុកពួក ខេត្តសៀមរាប តែពុំមានដំណោះស្រាយរាប់ខែមកហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 13 តុលា 2023
អ្នកភូមិ ១៤១គ្រួសារប្ដឹងទៅថ្នាក់លើឱ្យប្ដូរមេភូមិពាមតាអួ នៅស្រុកពួក ខេត្តសៀមរាប តែពុំមានដំណោះស្រាយរាប់ខែមកហើយ

លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋ ១៤១នាក់តំណាងឱ្យ១៤១គ្រួសារបានផ្តិតមេដៃប្តឹងសុំផ្លាស់ប្តូរមេភូមិរូបនេះព្រោះតែអសកម្ម មានភាពមិនប្រកតីក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងសង្ស័យប្រព្រឹត្តអំពើពុករលួយ។

ការស្នើដូចនេះកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋ១៤១ខាងលើបានធ្វើពាក្យស្នើសុំជួយអន្តរាគមន៍ដាក់ទៅសាលាឃុំកែវពណ៍ ស្នើសុំទៅរដ្ឋបាលឃុំដកមេភូមិពាមតាអូឈ្មោះ សុខ លឿ ចេញពីតួនាទីក្រោមហេតុផលដូចជា ១-ធ្វើការរើសអើងបក្ខពួក ២-ធ្វើការបម្រើប្រជាពលរដ្ឋក្រីក្រទាយកប្រាក់ ៣-ប្រើពាក្យសម្តីអសុរោះជាមួយប្រជាពលរដ្ឋ ៤-ពេលដែលប្រជាពលរដ្ឋទៅពឹងពាក់ធ្វើកិច្ចការអ្វីមួយមិនអើពើម្តងជាពីរដង។

អ្នកភូមិ ១៤១គ្រួសារប្ដឹងទៅថ្នាក់លើឱ្យប្ដូរមេភូមិពាមតាអួ នៅស្រុកពួក ខេត្តសៀមរាប តែពុំមានដំណោះស្រាយរាប់ខែមកហើយ

ទាក់ទងសំណើរនេះលោក ទួន សុវណ្ណ មេឃុំកែវពណ៌មិនទាន់មានដោះស្រាយនៅឡើយរាប់ខែមកហើយ ដោយប្រាប់អ្នកភូមិឱ្យរង់ចាំថ្ងៃនេះចាំថ្ងៃនោះ ទើបពលរដ្ឋអស់សម្រេចចិត្តរៃលុយគ្នាជួលរថយន្តជិះទៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីយកពាក្យស្នើសុំដដែលនោះដាក់ជូនទៅរដ្ឋបាលខេត្ត តែមន្ត្រីនៅទីនោះមិនព្រមទទួលទេ ឱ្យយកទៅដាក់ក្នុងប្រអប់សំបុត្រ ឬយកទៅដាក់នៅការិយាល័យពលរដ្ឋនៅឯស្រុកពួកវិញ ទើបពួកគាត់យកទៅដាក់នៅរដ្ឋបាលស្រុកពួកនាថ្ងៃដដែល។

ទាក់ទងបញ្ហានេះលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួកបានឱ្យក្រុមការងារ 1Post ដឹងថា លោកបានទទួលពាក្យស្នើសុំរួចហើយ តែដោយជាប់ពិធីបុណ្យភ្ជុំបិណ្ឌ ពេលរួចបុណ្យរដ្ឋបាលស្រុកនឹងកោះហៅពលរដ្ឋមកសួរនាំ (សម្លេង)។

អ្នកភូមិ ១៤១គ្រួសារប្ដឹងទៅថ្នាក់លើឱ្យប្ដូរមេភូមិពាមតាអួ នៅស្រុកពួក ខេត្តសៀមរាប តែពុំមានដំណោះស្រាយរាប់ខែមកហើយ

គួររម្លឹកថា នៅភូមិពាមតាអួ ឃុំកែវពណ៌ស្រុកពួកនេះកន្លងទៅបានធ្លាយមានរឿងជាច្រើនដែលគេស្ស័យហាក់មានភាពមិនប្រកតីលើទង្វើរបស់អាជ្ញាធរមូលដ្ឋានជាមួយអ្នកមួយចំនួនដែលមកពីឆ្ងាយដាក់ឈ្មោះគ្រប់គ្រងដីដើម្បីយកជាប្រយោជន៍ដោយពុំជាការអាស្រ័យផលពីដើមជាក់ស្ដែង ដល់តែពលរដ្ឋនៅនឹងភូមិអាករផ្ទាល់ខ្លះបែជាអត់មានឈ្មោះក្នុងការដែលទទួលសិទ្ធិគប់គ្រងដីអាស្រ័យផលពិតនៅឡើយ។ នេះជាសំណួរតើការពិតយ៉ាងណាសូមអ្នកព័ន្ធជួយបញ្ជាក់ផង។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ ដោយ៖ ផ្លុង រ៉េត