វគ្គសិក្ខាសាលាមួយបានធ្វើឡើងក្រោមប្រធានបទ«មូលដ្ឋានគ្រឹះ និងជំហាននៃការចងក្រងយុវកសិករក្នុងសហគមន៍» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពយុវកសិករចំនួន២៨នាក់ ក្នុងនោះស្ត្រីមានចំនួន១៧នាក់ មកពី៧ឃុំ ក្នុងខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តសៀមរាប។
សិក្ខសាលានេះធ្វើឡើងដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC មានគោលបំណងសំខាន់ចំនួនបី ទី១ ដើម្បីកសាងសមត្ថភាពដល់យុវកសិករសហគមន៍ អ្នកធ្វើការងារផ្នែកចងក្រងសហគមន៍ដែលមានសមាជិកភាពនៃដំណើររៀបចំចងក្រងក្រុមយុវកសិករក្នុងការពង្រឹងសិទ្ធិអំណាច។ ទី២ ដើម្បីឲ្យអ្នកចងក្រងយុវកសិករទទួលបានចំណេះច្បាស់លាស់ក្នុងជំហាននីមួយៗជម្រុញឲ្យមានកិច្ចសហការ។
ការសាមគ្គីភាព ការរៀបចំផែនការសកម្មភាព និងការសម្របសម្រួលឲ្យក្រុមគោលដៅចេះធ្វើការជាមួយគ្នា។ ទី៣ ដើម្បីជាការសិក្សាស្វែងយល់និងរៀនសូត្របទពិសោធន៍ទាក់ទងទៅនឹងជំនាញក្នុងកការចងក្រងយុវកសិករដោយផ្អែកលើផលប្រយោជន៍ជាគោល និងយល់ពីរបៀបប្រើប្រាស់នូវវិធីសាស្រ្ត ឬយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាអតុល្យភាពអំណាចរវាងសហគមន៍ បណ្ដាញ ក្រុម សហជីព និងបុគ្គលទាំងឡាយណាដែលព្យាយាមបង្កបញ្ហា រំលោភបំពានលើសិទ្ធិ ផលប្រយោជន៍ និងធនធានរបស់សហគមន៍។
នៅក្នុងនោះយុវកសិករដែលបានចូលរួមវគ្គសិក្ខាសាលានេះ ពួកគេបានធ្វើការប្ដេជ្ញាចិត្តក្នុងការរៀបចំបង្កើតយុវកសិករជនបទ ដើម្បីលើកម្ពស់សិទ្ធិអំណាចយុវកសិករទឲ្យយល់ដឹងពីប្រព័ន្ធស្បៀងអាហារ ក្សេត្របរិស្ថាន សិទ្ធិមនុស្ស អភិបាលកិច្ច កិច្ចគាំពារសង្គម-សេវាសង្គម មុខរបរ-កសិកម្ម និងជីវភាពរស់នៅ និងអភិបាលកិច្ចនៃការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយបរិយាប័ន្នរបស់សហគមន៍ដែលពួកគេរស់នៅ៕ CCFC