អ្នកស្រី ដេត ហ៊ួរ តំណាងសហគមន៍១៩៧ ត្រូវបានព្រះរាជអាជ្ញារងខេត្តកោះកុង លោក អេង ចាន់តារ៉ា ចេញដីការកោះហៅអ្នកស្រីឱ្យចូលខ្លួនបំភ្លឺក្នុងសវនាការលើសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់លោក ហេង ហ៊ុយ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងមហាផ្ទៃ។
យោងតាមដីការកោះហៅចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ អ្នកស្រី ដេត ហ៊ួរ អាយុ៣៨ ជនជាតិខ្មែរ ដែលថាខ្លួនជាជនរងគ្រោះដីធ្លីក្នុងសហគមន៍១៩៧ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានអយ្យការអមសាលាដំបូងខេត្តកោះកុងចេញដីការកោះហៅឱ្យអ្នកស្រីចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តកោះតាមបណ្តឹងចោទប្រកាន់របស់លោក ហេង ហ៊ុយ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈតាមបណ្តាញសង្គមហ្វេសបុកគណនីយឈ្មោះ ស្រី ហ៊ួ កាលពីថ្ងៃទី២៧ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងដែលនឹងរត្រូវផ្តន្ទាទោសតាមមាត្រា៣១១, ៣១២ និង៣០៥ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកនៅខាងក្រៅសវនាការ ក៏ឃើញមានប្រជាសហគមន៍រងគ្រោះដីធ្លីប្រមាណជាង២៥០នាក់ ក្នុនោះស្ត្រីប្រមាណជាង៩០% មកពីសហគមន៍ចំនួន៦ មានសហគមន៍ព្រលាន នាពិស្សី សហគមន៍៨៤៣ សហគមន៍១៧៥ សហគមន៍១២៩ សហគមន៍៧៦៦ និងសហគមន៍១៩៧ ក្នុងស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុងបាន ប្រមូលផ្តុំគ្នានៅ មុខសាលាដំបូងខេត្តកោះកុង ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តតំណាងរបស់ពួកគេ៕ ប្រភព CCFC