ម៉ាហ្វៀជនជាតិចិនមួយក្រុមដែលល្បីធ្វើជាបងធំបានលើកគ្នា៣ឡាន មានទាំងក្រុមសន្តិសុខខ្មែរបំរើការឱ្យចិនផងនោះ ចូលទៅវាយក្រុមគ្រួសារស្ត្រីខ្មែរអ៊ីស្លាមម្នាក់បណ្ដាលឱ្យរបួសធ្ងន់ កាលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។ មើលវីដេអូ https://fb.watch/byBJBvXIl4/
ក្រោយកើតហេតុរូបភាពវីដេអូដ៏សាហាវយុងខ្នងនោះ បានថតជាប់តាមរយៈកាំម៉េរាសុវត្ថិភាពឃើញសកម្មភាពដ៏ព្រហើននេះច្បាស់ក្រឡែតដោយមិនខ្លាចក្រែងច្បាប់ បានបង្កឱ្យឃើញពីភាពអសន្តិសុខ សណ្តាប់ធ្នាប់អនាធិបតេយ្យនៅក្រុងប៉ោយប៉ែត ដោយគេខ្សឹបខ្សៀវមកថា ប្រហែលអាងខ្នងអ្នកធំ ព្រោះធ្វើសកម្មភាពហើយ មិនឃើញជាប់ទោសនៅឡើយ ខណៈរូបវីដេអូនោះបានចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្ដាញសង្គម។
ទាក់ទងករណីនេះស្ត្រីរងគ្រោះឈ្មោះ រ៉ានី បានទទូចសុំឱ្យសមត្តកិច្ចមេត្តាជួយរកយុត្តិធម៌ដល់គ្រួសារគាត់ និងចាប់ឱ្យបានជនជាតិចិន និងខ្មែរដែលបង្កនោះមកផ្តន្ទាទោសតាមច្បាប់។
លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានឱ្យ1Postដឹងថា កម្លាំងក្រុងនិងខេត្តកំពុងចុះធ្វើការក្ដាប់មុខសញ្ញបានអស់ហើយ និងកំពុងស្រាវជ្រាវចាប់មកអនុវត្ដច្បាប់។
សូមបញ្ជាក់ថា ម្ចាស់ហាងជាស្ត្រីខ្មែរអ៊ីស្លាមខាងលើមានប្ដីជាជនជាតិចិន មិនដឹងថាមានរឿងអ្វីនឹងគ្នាទេ បានជាក្រុមជនជាតិចិន និងកងសន្តិសុខរបស់បងធំចិននោះមករករឿងវាយដល់ហាងកាត់សក់បង្កឱ្យបុរសម្នាក់រងគ្រោះធ្ងន់ធ្ងរជាងគេក្នុងចំណោមអ្នកផ្សេងទៀត ព្រោះតែការវាយដុំច្រំធាក់ដ៏សាហាវនេះ៕