លោក តាន់ គឹមរឹទ្ធិ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត កំពុងធ្វើឱ្យពលរដ្ឋ ៤៤គ្រួសារក្ដៅក្រហាយ រហូតលើកគ្នាទៅតវ៉ាដល់សាលាក្រុង កាលពីថ្ងៃទី២៥ កញ្ ញាឆ្នាំ២០២៣ ព្រោះតែរំលោភលើកិច្ចសន្យាដែលខ្លួននិងប្រពន្ធបានផ្តិតមេដៃថានឹងបើកផ្លូវសាធារណៈររបស់រដ្ឋជូនប្រជាពលរដ្ឋប្រើប្រាស់វិញ តែមិនព្រមបើក។សំណង់ដែលភាគីលោកក្រុមប្រឹក្សាក្រុងសង់សំណង់បិទនោះស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពាក្យសុំអន្តរាគមន៍របស់ពលរដ្ឋ ៤៤គ្រួសារ ចូលទៅសាលាក្រុងប៉ោយប៉ែត មានខ្លឹមសារថាស្នើសុំបើកផ្លូវសាធារណៈមួយខ្សែ ដែលមានក្បាលដីលេខ៣១៥ ដែលត្រូវបានបិទដោយលោកតាន់ គឹមរិទ្ធិ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ ហើយផ្លូវសាធារណៈមួយខ្សែខាងលើត្រូវបានធ្វើរបងសំណង់រឹងហ៊ុំព័ទ្ធបិទជិតផ្លូវ មិនឱ្យពលរដ្ឋនៅតំបន់ធ្វើដំណើរចេញចូលបានក្នុងគោលបំណងសាងសង់សំណង់អាគារនានា និងប្រើប្រាស់ផ្លូវសាធារណៈមួយខ្សែនេះជាប្រយោជន៍ផ្ទាល់ខ្លួន។
លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ពលរដ្ឋបានប្ដឹងទៅអាជ្ញាធរក្រុងប៉ោយប៉ែត ដោយលោកតាន់ គឹមរិទ្ធិ និងប្រពន្ធ បានមកធ្វើការសម្របសម្រួល និងបានធ្វើកិច្ចសន្យានៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០១៩ ដោយលោក តាន់ គឹមរិទ្ធិ សន្យាថាការបិទផ្លូវគ្រាន់តែធ្វើការបិទបណ្តោះអាសន្នទេដើម្បីសាងសង់អគារ ក្រោយសាងសង់អគាររួចលោកនឹងបើកផ្លូវនេះឱ្យពលរដ្ឋធ្វើដំណើរចេញចូលវិញដូចធម្មតា។ ប៉ុន្តែក្រោយមកនៅក្នុងកំឡុងឆ្នាំ២០១៩ មន្ទីររៀបចំដីខេត្ដបន្ទាយមានជ័យ បានចុះមកធ្វើប្លង់ជាលក្ខណៈប្រព័ន្ធឱ្យពលរដ្ឋ លោកតាន់ គឹមរិទ្ធិ ក៏បានឆ្លៀតឱកាសសង្ស័យបានគប់គិតជាមួយមន្រ្តីដែលពាក់ព័ន្ធយកផ្លូវដែលបិទនេះធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ក្រោយមកពលរដ្ឋ៤៤គ្រួសារ បានដឹងថាលោក តាន់ គឹមរិទ្ធិ បានធ្វើបណ្ណកម្មសិទ្ធិរំលោភយកដីផ្លូវសារធារណៈមួយខ្សែនោះ ពលរដ្ឋបានដាក់ពាក្យប្ដឹងទៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីខេត្ដបន្ទាយមានជ័យ សុំអន្តរាគមន៍ និងបានដាក់ពាក្យប្ដឹងទៅក្រសួងរៀបចំដែនដី សុំអន្តរាគមន៍បើកផ្លូវឡើងវិញ។ បន្ទាប់ពីមានការអន្តរាគមន៍ ពីក្រសួងរៀបចំដែនដី មន្ទីររៀបចំដែនដីខេត្ដបន្ទាយមានជ័យ រៀបចំបើកផ្លូវក្នុងប្លង់ឡើងវិញ តែលោក តាន់ គឹមរិទ្ធិ នៅតែមិនព្រមបើកផ្លូវឱ្យពលរដ្ឋប្រើប្រាស់រហូតមកទាល់បច្ចុប្បន្ននេះ។
ទាក់ទងបញ្ហាខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក តាន់ គឹមរឹទ្ធិ បាននៅឡើយ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំង៤៤គ្រួសារ ក៏បានសំណូមពរដល់លោកអភិបាលខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍បើកផ្លូវនេះ ដើម្បីប្រជាពលរដ្ឋ៤៤គ្រួសារក៏ដូចជាប្រជាពលរដ្ឋដទៃទៀតបានប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើងវិញផង។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វិចិត្រ