
ប៉ោយប៉ែត៖ បនល្បែងយេហោ LPP Sky នៅជាយដែនកម្ពុជា-ថៃ បើកឱ្យជនជាតិខ្មែរចូលលេងបានយ៉ាងសេរីដោយមិនញញើតច្បាប់ ហើយក៏គ្មានសមត្ថកិច្ចជំនាញ និងអាជ្ញាធរចុះទប់ស្កាត់នោះទេ។
ទីតាំងបនល្បែងនេះស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ដែលគេដឹងថា មានមនុស្សបួននាក់ជួលផ្នែកខ្លះនៃអាគារអិលភីភីស្កាយ ហ៊ុនគ្នាបើក។ ក្ន្ងងនោះមានទាំងសមាសភាពជាសមត្ថកិច្ចផង ដែលផ្ទុយពីច្បាប់ និងវិធានការរបស់រាជរដ្ឋាភិបាល។

ទាក់សកម្មភាពនេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត និងលោក កែវ នី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទទួលទិសប៉ោយប៉ែត គ្មានការបញ្ជាក់នៅឡើយ បន្ទាប់ពីទទួលសារសំណួរពី 1Post នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២។
ចំណែកបុរសម្នាក់ឈ្មោះ ផៃ ជាម្ចាស់អាគារ និងជាម្ចាស់ភាគហ៊ុនក្នុងចំណោម៣នាក់ផ្សេងទៀតមិនមានការបញ្ជាក់ផងដែរ បន្ទាប់ទទួលសារសំណួរពី 1Post។

សូមបញ្ជាក់ថា បើតាមច្បាប់កម្ពុជាមិនអនុញ្ញាតិឱ្យជនជាតិខ្មែរចូលលេងល្បែងស៉ីសងក្នុងកាស៉ីណូឡើយ ខណៈដែលរាជរដ្ឋាភិបាលគិតត្រឹមថ្ងៃទី១៩ មករា ឆ្នាំ២០២២ ក៏មិនទាន់អនុញ្ញាតច្បាប់ឱ្យកាស៉ីណូនៅតាមតំបន់ព្រំដែនបើកដំណើរការឡើងវិញនៅឡើយ៕
