ប៉ោយប៉ែត៖ បន្ទាប់ពីសារព័ត៌មានអេឡិចត្រូនិក 1Post ចុះផ្សាយថា កម្មករជាង ១០០នាក់ មិនបានទទួលប្រាក់ខែជិតបីខែពីក្រុមហ៊ុនរបស់ឧកញ៉ា តាំង គឹមហួត ហើយកម្មករគ្រោងនឹងដាក់ពាក្យបណ្ដឹងនោះ។ នៅព្រឹកថ្ងៃទី១៧ មករា នេះ ឧកញ៉ា តាំង គឹមហួត បានចេញមុខបញ្ជាក់ថា មិនបានជំពាក់ប្រាក់ក្រុមហ៊ុន និងកម្មករណាម្នាក់ទេ មានតែជួយការងារសង្គម និងជួយអភិវឌ្ឍខេត្ត។
បើតាមកិច្ចសម្ភាស 1Post កម្មករម្នាក់សូមមិនបញ្ជេញឈ្មោះបានលើកឡើងថា ក្រុមកម្មករជាង១០០នាក់គ្រោងតវ៉ាឱ្យម្ចាស់ម៉ៅការគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ មកទទួលខុសត្រូវចំពោះការមិនបើកប្រាក់ខែឱ្យពួកគាត់ជិតបីខែមកហើយ។
ការរអាក់រអួលបើកប្រាក់ខែនេះតាំងពីថ្ងៃភ្ជុំបិណ្ឌមក ទាល់តែកម្មកររកតវ៉ាទាមទារខ្លាំងទើបបើកឱ្យខ្លះៗដោយមិនទៀងពេល ប៉ុន្តែរយៈពេលចុងក្រោយសរុបជិតបីខែហើយមិនព្រមបើកឱ្យ។
កម្មករនោះលើកឡើងទៀតថា បើភាគីក្រុមហ៊ុនអ្នកម៉ៅការមិនបើកឱ្យតាមការសន្យានៅថ្ងៃ២៥មករា ខាងមុខទេ ក្រុមពួកគាត់នឹងដាក់ពាក្យបណ្ដឹងតវ៉ានៅរដ្ឋបាលក្រុងប៉ោយប៉ែតមិនខាន ព្រោះក្រុមហ៊ុនសន្យាខ្យល់ច្រើនដងមកហើយ។
ទាក់ទងករណីនេះលោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ មិនទាន់សុំការបញ្ជាក់បាននៅឡើយ ដោយលោកមិនទទួលការខលទូរសព្ទពីក្រុមការងារ 1Post នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
សូមរំលឹកថា អ្នកដេញថ្លៃម៉ៅការបានពី NEDA គឺក្រុមហ៊ុនរបស់លោកឧញ៉ា តាន់ គឹមហួត ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះ CM, grand Development ជាអ្នកទទួលខុសត្រូវហើយក្រុមហ៊ុននេះបានជួលកម្លាំងពលកម្មពីក្រុមហ៊ុនផ្សេងទៀតសម្រាប់ដំណើរការគម្រោងសាងសង់។ ដូចនេះពួកគាត់ត្រូវបើកប្រាក់ពីអ្នកម៉ៅការ នោះគឺឧកញ៉ា តាន់ គឹមហួត ខណៈដែលលោកឧញ៉ាបដិសេដ្ឋហើយថា មិនបានជំពាក់ប្រាក់ក្រុមហ៊ុនណាមួយទេ៕