ស្របពេលដែលផ្លូវធ្វើរួចរាល់ សម្រស់នៃសួនផ្កាចម្រុះពណ៌នៅតាមដងផ្លូវក្នុងក្រុងសៀមរាប ក៏កំពុងរីកស្រស់បំព្រងគួរជាទីកម្សាន្ត ដែលភ្ញៀវទេសចរនឹងទទួលអារម្មណ៍ស្រស់ស្រាយជាមួយទិដ្ឋភាពបែបនេះ។
បើតាមក្រសួងសាធារណៈការបានបង្ហើបឱ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ទាំង៣៨ខ្សែ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក។ ក្នុងនោះថវិកា ៩លានដុល្លារ ត្រូវបានចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។
សូមរម្លឹកថា គោលបំណងដែលរាជរដ្ឋាភិបាលសាងសង់ផ្លូវចំនួន ៣៨ខ្សែនេះ ជាគោលដៅមួយប្រែក្លាយក្រុងសៀមរាបឱ្យប្រែក្លាយជាទីក្រុងដ៏ទំនើប វៃឆ្លាត មានline សម្រាប់រថយន្ត ម៉ូតូ កង់ថ្មើជើងធ្វើដំណើរ រៀបការូឡា ធ្វើសួន ចំណត គំនូសចរាចរណ៍ ពោរពេញទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ និងជាការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។ ទន្ទឹមនឹងនោះពលរដ្ឋខ្លួនឯងក៏ត្រូវចូលរួមថែរក្សា សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានឱ្យបានល្អប្រសើរផងដែរ ដើម្បីសម្រេចនូវគោលបំណងខាងលើឱ្យមាននិរន្តរ៍ភាព ព្រោះថាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ ជាក្ដីប្រាថ្នារបស់ភ្ញៀវ ដែលមកកម្សាន្តម្ដងហើយ ចង់មកម្ដងទៀត៕