អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិចអ៊ិនវេសមេនគ្រុប កាលពីថ្ងៃទី០១ មេសាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារត្រួតពិនិត្យការដ្ឋានផ្លូវតភ្ជាប់ពីឧទ្យានជាតិព្រះមុនីវង្សបូកគោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រក្រោយការឈូសឆាយបានបញ្ចប់រួចរាល់ជាស្ថាពរ។
បើតាមគម្រោងមុខព្រួញអ្នកឧកញ៉ាសុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការស្ថាបនាជាប្រភេទក្រាលកៅស៊ូ AC។
តាមរយៈនៃការស្ថាបនាផ្លូវនេះត្រូវគេមើលឃើញថា ជាការសម្រួលដល់ការធើ្វដំណើរសាធារណៈជនទូទៅ និងការគាំទ្រដល់ការវិនិយោគ ពិសេសគម្រោងធំៗរបស់អ្នកឧកញ៉ា សុខគង់ និង ម៉ុង ឬទ្ធី ដែលឧកញ៉ាទាំងពីរជាអ្នកទទួលបានដីសម្បទានសេដ្ឋកិច្ចស្រាប់យូរហើយ។នៅក្នុងនោះផងដែរសម្រាប់ខ្ទង់ថវិកានៃការចំណាយ ក្រុមសហការពហុភាគីខាងលើមិនទាន់ទម្លាយឱ្យដឹងនៅឡើយ៕ តាពេជ្រ