ករណីផ្ទុះអាវុធ បង្កដោយជនជាតិចិន នៅហាងស៊ុបមួយកន្លែង តាមបណ្ដោយឆ្នេរអូរឈើទាលបានកើតឡើង កាលវេលាម៉ោង ៣ និង៤០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
បើតាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនជាច្រើននាក់អង្គុយផឹកស៊ីក្នុងហាងស៊ុបមួយកន្លែង ស្រាប់លឺសម្លេងស្នូរកាំភ្លើងផ្ទុះ ១គ្រាប់ឡើងទៅលើមេឃ ហើយក៏ឃើញបក្សពួកជនជាតិចិននោះ រត់ចេញយ៉ាងប្រសាច។ ក្នុងនោះមានជនជាតិចិនម្នាក់កាន់កាំភ្លើងខ្លីក្នុងដៃគ្រវែងចូលទៅក្នុងទឹកសមុទ្រ។
ក្រោយបាញ់បោះសេរីភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានមកដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់យកទៅសួរនាំ និងតាមរកឃើញកាំភ្លើងខ្លីមួយដើមទៀត ដែលជនជាតិចិនយកទៅលាក់ក្នុងព្រៃស្មៅក្បែរនោះ និងកំពុងតែបន្តការស្រាវជ្រាវ ស្វែងរកបក្សពួកចិនបន្ថែមទៀត៕