បាត់ដំបង៖ លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីជាមន្ត្រីសាលាខេត្តបាត់ដំបង បា ដាក់ពាក្យស្នើសុំលាឈប់ពីការងារដោយសារតែពុំពេញចិត្តការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។
ការលាឈប់នេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ដែលបានគោរពជូនសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ គ្រាដែលការលាឈប់ក៏ធ្វើឡើងស្របគ្នា បន្ទាប់ពីសាលាខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី ជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារវិញក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតរយៈពេល២សប្ដាហ៍មកហើយ។
ជុំវិញលិខិតអញ្ជើញលើកទី១ នេះត្រូវបាន លោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ ១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ? ២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់ឱ្យខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។ ៣- បក្សពួកនិយមខ្លាំងពេកនាំឱ្យអន្តរាយដល់ស្ថាប័នរដ្ឋ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្ខពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប។
ទាក់ទងការលើកឡើងរបស់លោកខាងលើ 1Post មិនទាន់សុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបាននៅឡើយ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕