បាត់ដំបង៖ ប្រជាពលរដ្ឋនៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង បានស្នើសុំទៅកាន់អាជ្ញាធរ ឱ្យជួយកសាងផ្លូវប្រវែង ១២គីឡូម៉ែត្រ ដែលខូចខាតជាច្រើនកន្លែង ដោយសារទឹកជំនន់នាពេលកន្លងមក ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងសិស្សសាលាបានទៅរៀនបានស្រួល។
ផ្លូវនៅក្នុងឃុំជ្រៃនេះ មានប្រជាពលរដ្ឋចំនួន៦ភូមិ ដែលធ្វើដំណើរឆ្លងកាត់រៀងរាល់ថ្ងៃ បច្ចុប្បន្នដាច់ក្រួសក្រហមអស់ហើយ កើតជាជង្ហុកតូចធំ ពេលធ្វើធ្វើដំណើរម្ដងៗពិបាកណាស់ ដីស្អិតរអិលទម្រាំមកដល់ដល់ផ្លូវកៅស៊ូ។
លោក ឈឿម ខុម កសិករក្នុងភូមិអង្គ្រងបានសម្ដែងក្ដីបារម្ភថា សព្វថ្ងៃគឺជិតដល់ពេលប្រមូលផលដំណាំស្រូវហើយ តែសភាពផ្លូវខូចខាតពិបាកបែបនេះខ្លាចឈ្មួញទម្លាក់តម្លៃស្រូវ បើបែបនេះប្រាកដជាមានបញ្ហាធំមិនខាន។ ព្រោះផ្លូវល្អជាក្ដីរំពឹងរបស់អ្នកភូមិបានស្ទួយដល់ជីវភាពប្រចាំថ្ងៃ។
ទាក់ទងការទទូចសុំរបស់ប្រជាពលរដ្ឋខាងលើនេះ លោក ថាន់ ស៊ាន មេឃុំជ្រៃ លើកឡើងថាដោយសារតែទឹកជំនន់កន្លងមកទើបមានសភាពបែបនេះ កន្លែងខ្លះខូចខាតធ្ងន់ធ្ងរលោកទទួលស្គាល់។
ដោយបានលោកបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានគម្រោងជួសជុលឡើងវិញហើយ នារដូវប្រាំងខាងមុខ ដើម្បីសម្រួលដល់ពលរដ្ឋប្រើប្រាស់៕ វិច្ឆ័យ