បន្ទាប់ពីអាជ្ញាធរស្រុករតនមណ្ឌល បានចាក់បេតុងបង្ក្រួមឃាំងផ្លូវឱ្យតូច ដែលរថយន្តធំៗមិនអាចចូលទៅដឹកកសិផលបានទើបនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាច្រើននាក់ ដែលកើតទុក្ខមិនសុខចិត្តនាំគ្នាយកត្រាក់ទ័រទៅតវ៉ាបិទផ្លូវ និងស្នើសុំឱ្យថ្នាក់លើជួយសម្រួលបើកផ្លូវឱ្យធំទូលាយដូចមុន។ មើលវីដេអូ https://fb.watch/c8OkoV1sy6/
សកម្មភាពនេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន ក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ក្រុមប្រជាពលរដ្ឋបានឱ្យក្រុមការងារ 1Post ដឹងថា ការឃាំងបង្រួមផ្លូវនេះនៅសល់ទំហំទទឹងប្រវែង ២.៦ ទៅ ២.៧ម៉ែត្រ ដែលរថយន្តធុនធំដឹកកសិផលមិនអាចបើកបរចេញចូលបាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគាត់ ក្រោយពីប្រមូលផលពោតក្រហម និងដំឡូងមីរួចអត់មានឈ្មួញថៃណាម្នាក់ចូលទៅទិញដូចមុន ដែលជាហេតុធ្វើឱ្យតម្លៃទីផ្សារដំឡូងមីធ្លាក់ចុះយ៉ាងខ្លាំង។ ពីមុនឈ្មួញហ៊ានទិញដំឡូងមី ១គីឡូក្រាម តម្លៃ២.១ ទៅ២.២បាត (ប្រាក់ថៃ) ស្មើជាង២០០រៀល តែពេលនេះតម្លៃទីផ្សារធ្លាក់នៅសល់១គីឡូ ត្រឹម១បាតប៉ុណ្ណោះ។ ហើយនៅស្តទទួលទិញរបស់ថៅកែថៃថៃមួយចំនួនបង្ខំចិត្តបិទទ្វារបណ្ដើរៗ។
ក្រុមពលរដ្ឋបន្តទៀតថា មិនត្រឹមតែរថយន្តថៃដឹកកសិផលចូលមិនរួចប៉ុណ្ណោះទេ សូម្បីតែត្រាក់ទ័រភ្ជួររាស់ដីដែលមានផាលវែង និងគ្រឿងយន្តដែលភ្ជាប់ជាមួយឧបករណ៍សម្រាប់ដាំពោត ដំឡូងមីរបស់ពួកគាត់ក៏ចូលមិនរួច។ ហើយបើមិនដោះស្រាយឱ្យបានទេនៅថ្ងៃខាងមុខឆាប់ៗ ពួកគាត់នឹងលើកគ្នាមកតវ៉ាម្ដងទៀត។
ទាក់ទងសកម្មភាពនេះលោក កុល ស៊ីនួន ជំទប់ទី១ ឃុំរស្មីសង្ហារ បានឱ្យដឹងថា ការបិទបង្រួមផ្លូវនេះ គឺខាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនថ្នាក់ខេត្ត ឬខាងឃុំស្រុកឡើយ គោលបំណងមិនឱ្យរថយន្តធុនធ្ងន់ខុសបច្ចេកទេសបើកឆ្លងកាត់ដែលនាំឱ្យខូចផ្លូវ។
លោកជំទុកទី១រូបនេះក៏ទទួលស្គាល់ថា រថយន្តសណ្តោងរ៉ឺម៉ករបស់ថៃដែលធ្លាប់ដឹកកសិផល និងគ្រឿងយន្តដឹកឧបករណ៍ដាំដុះរបស់កសិករពិតជាមិនអាចបើកបរចូលបានទេ ខណៈលោកកំពុងតែស្នើសុំទៅខាងក្រសួងឱ្យជួយបង្ខិតចេញបន្តិចទៀត ប៉ុន្តែមិនទាន់បានលទ្ធផលនៅឡើយទេ។
ចំណែកលោក គុយ វណ្ណណូ អភិបាលស្រុករតនមណ្ឌលបានលើកឡើងថា រថយន្តទម្ងន់ត្រឹម១០តោន ទើបអាចបើកបរចូលបាន ដែលគោលការណ៍នេះមិនមែនខាងស្រុកជាអ្នកសម្រេចឡើយ។ ហើយលោកបានបដិសេធថា តម្លៃទីផ្សារកសិផលមិនមានការធ្លាក់ថ្លៃអ្វីនោះឡើយ។
ដោយឡែកតំណាងឱ្យម្ចាស់ស្តង់ដំឡូងមីរបស់ថៅកែថៃ អ្នកនាង សៀ សុភ័ក្ត្រ អាយុ២៥ឆ្នាំ បានលើកឡើងដែរថា បន្ទាប់ពីឃើញអាជ្ញាធរបង្ក្រួមផ្លូវ ពេលនេះថៅកែថៃរបស់អ្នកនាងបានផ្អាកទិញកសិផល ហើយនៅស្តង់មួយចំនួនទៀតដែលស្ថិតនៅក្បែរៗផ្លូវខាងលើក៏ត្រូវបង្ខំចិត្តបិទទ្វារដែរធ្វើឱ្យកសិករដែលធ្លាប់ដឹកយកទៅលក់ឱ្យស្តង់ជិត បែជាដឹកយកទៅលក់នៅកន្លែងឆ្ងាយពីផ្ទះរបស់ពួកគាត់។
ស្រ្តីខាងលើបានបន្តទៀតថា បើសិនជាអាជ្ញាធរពាក់ព័ន្ធ មិនឆាប់ដោះស្រាយបញ្ហានេះទេប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវខាងលើនេះ នឹងជួបនូវការលំបាកចំពោះជីវភាពជាក់ជាមិនខាន៕