ក្រុមប្រជាពលរដ្ឋ ៤០គ្រួសារ រស់នៅ និងអាស្រ័យផលនៅជើងភ្នំសំពៅ កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ បានលើកគ្នាទៅមុខសាលាខេត្តដើម្បីស្នើរសុំលោកអភិបាលខេត្ត ឱ្យជួយអន្តរាគមន៍រកដំណោះស្រាយលើចំណាត់ការរបស់អាជ្ញាធរស្រុកបាណន់ តម្រូវឱ្យរុះរើសំណង់ និងតូបលក់ដូរដោយគ្មានសំណង។
ការតវ៉ានេះបន្ទាប់ពីរដ្ឋបាលស្រុកបាណន់ បានផ្ញើលិខិតជូនដំណឹងមួយច្បាប់ដល់ពួកគាត់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមពលរដ្ឋបានលើកឡើងថា តូបលក់ដូរនេះពុំមែនគ្រាន់តែជាតូបលក់ដូរនោះទេ តែជាលំនៅដ្ឋានដែលពួកគាត់បានរស់នៅចន្លោះជាង២០ឆ្នាំរហូតមានដល់ជាង៣០ឆ្នាំមកហើយ ដោយមានទាំងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមានសិទ្ធិបោះឆ្នោត មានសៀវភៅគ្រួសារ មានលេខផ្ទះ មានក្រុម មានភូមិ ចុះបញ្ជីត្រឹមត្រូវថែមទៀតផងដែរ។
គោលបំណងដែលពួកគាត់លើកគ្នាមកសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តនេះ ទី១ មិនប្រឆាំងចំពោះគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ក៏ដូចជាមិនទាមទាកាន់កាប់ឬបន្តរស់នៅតទៅទៀតទេ ប៉ុន្តែស្នើរសុំគោលនយោបាយដោះដូរ និងសំណងឱ្យបានសមរម្យដែលអាចទទួលយកបានតាមលក្ខណៈវិនិច្ឆ័យតាមប្រភេទ ទាំងខ្នងផ្ទះព្រមទាំងគូបលក់ដូរ ប្រកបដោយសេចក្តីថ្លៃថ្នូរ។ ទី២មិនមានការរុះរើណាមួយកើតឡើងឡើយដរាបណាមិនទាន់ទទួលបានដំណោះស្រាយ និងការព្រមព្រៀងពីម្ចាស់លំនៅដ្ឋាននីមួយៗ។ ទី៣ ការរុះរើនឹងត្រូវធ្វើឡើងដោយម្ចាស់ផ្ទះ ក្រោយទទួលបានដំណោះស្រាយសមស្របដែលមានជាលាយល័ក្ខអក្សរស្នាមមេដៃព្រមព្រៀងពីម្ចាស់ផ្ទះនិងម្ចាស់តូបនីមួយៗ។ ទី០៤ ស្នើសុំសិទ្ធិការពារសុវត្ថិភាព សន្តិសុខក្នុងការរស់នៅបច្ចុប្បន្នប្រសិនបើមានការគំរាមកំហែងទាំងផ្លូវកាយឬស្មារតី ឬការបំផ្លាញផ្សេងៗ ឬការលួចដុតបំផ្លាញក្នុងរូបភាពណាមួយ ពួកគាត់សុំទម្លាក់បន្ទុកនេះទាំងស្រុងទៅលើស្ថាបនដែលបង្គាប់ឱ្យរុះរើ ជាអ្នកទទួលខុសត្រូវ។ ទី៥ ស្នើសុំបន្តការលក់ដូរទាំងលើភ្នំ និងខាងក្រោមរហូតដល់ដាច់ខែវិច្ឆិកា២០២២ព្រោះខ្ចីលុយគេមកទិញទំនិញលក់ច្រើន បើមិនឱ្យលក់អត់មានលុយសងគេទេ។
បន្ទាប់ពីលើកគ្នាតវ៉ានេះរដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាតិឱ្យអ្នកតំណាងចំនួន ២នាក់ចូលជួបពិគ្រោះការងារ ដោយតំណាងរដ្ឋបាលសាលាខេត្តសុំរយ:ពេល៣ថ្ងៃដើម្បីបំពេញបែបបទស្នើទៅលោក សុខ លូ អភិបាលខេត្តបន្តដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់៕ 1Post