ប៉ោយប៉ែត៖ ក្រុមកម្មករជាង ១០០នាក់គ្រោងតវ៉ាឱ្យម្ចាស់ម៉ៅការគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ មកទទួលខុសត្រូវចំពោះការមិនបើកប្រាក់ខែឱ្យពួកគាត់ជិតបីខែមកហើយ។
កម្មករម្នាក់សុំមិនបញ្ជេញឈ្មោះបានឱ្យ 1Post ដឹងថា ការរអាក់រអូលបើកប្រាក់ខែនេះតាំងពីថ្ងៃភ្ជុំបិណ្ឌមក ទាល់តែកម្មកររកតវ៉ាទាមទារខ្លាំងទើបបើកឱ្យបានខ្លះៗដោយមិនទៀងពេល ប៉ុន្តែរយៈពេលចុងក្រោយសរុបជិតបីខែហើយមិនព្រមបើកឱ្យ។
កម្មករូបនោះបញ្ជាក់ថា បើភាគីក្រុមហ៊ុនអ្នកម៉ៅការមិនបើកឱ្យតាមការសន្យានៅថ្ងៃ២៥ មករាខាងមុខទេ ក្រុមពួកគាត់នឹងដាក់ពាក្យបណ្ដឹងតវ៉ានៅរដ្ឋបាលក្រុងប៉ោយប៉ែតមិនខាន ព្រោះក្រុមហ៊ុនសន្យាខ្យល់ច្រើនដងមកហើយ។
ទាក់ទងករណីនេះលោកឧកញ៉ា តាំង គឹមហួត ជាភាគីខាងក្រុមហ៊ុនតាំង គឹមអេង មិនទាន់មានការបញ្ជាក់នៅឡើយបន្ទាប់ពីទទួលសារសំណួរពី 1post នៅព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០២២។
សូមរំលឹកថា ម្ចាស់ក្រុមហ៊ុន តាន់គឹម អេង កន្លងទៅត្រូវបានគេខ្សឹបខ្សៀវឱ្យដឹងថា បានទិញមណ្ឌលសុខភាពប៉ោយប៉ែតមួយក្នុងតម្លៃរាប់លានដុល្លារ នៅជាប់សណ្ឋាគារសុិនសុផល ក្រុងប៉ោយប៉ែត៕