រថយន្តបុកគ្នាក្អួតចេញឈើល្មើសច្បាប់របស់លោក ភារម្យ ដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 6 មករា 2022
រថយន្តបុកគ្នាក្អួតចេញឈើល្មើសច្បាប់របស់លោក ភារម្យ ដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

កំពង់ស្ពឺ៖ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងស្រាប់តែធ្លាក់ឈើជ្រុងជាច្រើនដុំនៅលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែកមរា ឆ្នាំ២០២២។

ឈើខាងលើគេសង្ស័យជារបស់លោកភារម្យ ជាឈ្មួញឈើសកម្មម្នាក់ដែលតែងតែរកស៉ីទិញឈើពីតំបន់ពោធិ៍សាត់ហើយចរាចរណ៍តាមដែនជម្រកសត្វព្រៃភ្នំឱរាល់តំបន់កំពង់ស្ពឺ មុននឹងបន្តមកចែកចាយនៅតាមទីកន្លែងផ្សេងៗ។

រថយន្តបុកគ្នាក្អួតចេញឈើល្មើសច្បាប់របស់លោក ភារម្យ ដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

នគរបាលមូលដ្ឋានបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-4393។ អ្នកបើកបរឈ្មោះ ហាក់ លីហួរ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបុករថយន្ដមួយគ្រឿង ម៉ាកសាំងយ៉ុង(កែច្នៃ) ពណ៌ខៀវគ្មានស្លាកលេខ (ដឹកឈើចំនួន១៥ដើម) អ្នកបើកបរមិនស្គាលអត្តសញ្ញាណ(គេចខ្លួន) ដែលកំពុងបើកបរស្របទិសគ្នា បណ្ដាលឲ្យឈ្មោះហាក់ លីហួរ រងរបួសធ្ងន់។

ចំពោះវត្ថុតាងឈើទាំង ១៥ដុំស្ទួចប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច រីឯរថយន្ដទាំង ២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងចាត់ការតាមនិតិវិធី៕

រថយន្តបុកគ្នាក្អួតចេញឈើល្មើសច្បាប់របស់លោក ភារម្យ ដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់