ប៉ោយប៉ែត៖ សំណង់សង់ពីបេតុងនោះបានសង់ឡើងលើអូរ ចំណុចក្បែរក្បាលស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបច្ចុប្បន្នគេសង់ជិតរួចរាល់ហើយ គិតត្រឹមថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២១។
ហេតុតែពលរដ្ឋឆ្ងល់នេះព្រោះកន្លងទៅសំណង់ថ្មីមិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យសាងសង់ទេ មានតែរុះរើចោលមួយចំនួន តែពេលនេះបែជាសង់សំណង់រឹងមាំបានយ៉ាងរលូននៅលើអូរ ដែលផ្ទុយពីច្បាប់ភូមិបាល។
ទាក់ទងនឹងការសាងសង់នេះលោក អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំងលោក វួច អូន ប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីលោកទាំងបីទទួលសារសំណួរពីក្រុមការងារ 1Post តាម Telegram WhatsApp និងសារផ្ទាល់តាមទួរសព្ទដៃ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។
ទោះយ៉ាងនេះក្ដីពលរដ្ឋចោទជាសំណួរថា ហេតុអ្វីក៏សំណង់រឹងមាំសង់រំលោភយកផ្ទៃអូរជាសម្បត្តិរួមបានផ្ទុយពីច្បាប់ភូមិបាល បើពលរដ្ឋធម្មតាមិនអាចធ្វើបែបនេះបានទេ នាំឱ្យគេសង្ស័យអាចមានការឃុបឃិតគ្នាសង់ដើម្បីប្រយោជន៍បុគ្គលឬក្រុមណាមួយដែលជាអ្នកមានឥទ្ធិពល និងមានទ្រព្យធននៅតំបន់នោះ ព្រោះនាយប៉ុស្តិ៍ច្រកទ្វារជាច្រើនជំនាន់មកហើយគ្មានអ្នកណាហ៊ានសង់សំណង់បែបនេះឡើយ៕ SP