ប៉ោយប៉ែត៖ ដីមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត ជាទីប្រជុំជនផងនោះ ត្រូវបានគេសង្ស័យថា លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ចាក់ដីបំពេញយកមកកាន់កាប់រួចរាល់ហើយ គ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរនោះទេ ខណៈដែលសំណង់រឹងមួយផ្សេងទៀតនៅក្បែរក្បាលស្ពានថ្មច្រកទ្វារព្រំដែនក៏សាងសង់ទៅបាន តែលោក គៀត ហ៊ុល អភិបាលក្រុងមិនបញ្ជាក់ទេជុំវិញករណីនេះ។
ទាក់ទងការលើកឡើងខាងលើ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យ 1post ដឹងយ៉ាងខ្លីថា លោកអត់ដែលបានទិញដីចំណីមាត់អូរទេ និងលោកកំពុងរវល់ជាប់ប្រជុំ។
ចំណែកលោក ជា សម្បត្តិ មេភូមិក្បាលកោះ បានឱ្យដឹងថា ដីខាងលើជារបស់លោក អេង លីហួរ ដែលទើបនឹងទិញពីប្រជាពលរដ្ឋ ហើយបានសង់គ្រឹះបេតុងចាក់ដីបំពេញឱ្យស្មើ។ លោកមេភូមិបញ្ជាក់ថា នៅជួរមាត់អូរនោះពលរដ្ឋផ្សេងទៀតក៏បានចាក់ដូចនេះដែរ តែមិនស្ទះមុខទឹកនោះទេ រីឯលិខិតស្នាមលក់ទិញដឹងឮត្រឹមគ្នាគាត់ និងភូមិប៉ុណ្ណោះ។
ប្រភពពីអ្នកភូមិសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា ដីនោះទំនងជាដាក់ឈ្មោះប្រពន្ធរបស់លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ខណៈដែរសាច់ញាតិខាងប្រពន្ធគាត់ក៏ចង់បានទីតាំងដីនេះ។
ដោយឡែកលោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨៩១ និងលោក ចូវ សុភឿត ប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីទទួលសារសំណួរពី 1post តាមតេឡេក្រាមរបស់លោកទាំងពីរ។
ទោះយ៉ាងនេះក្ដីពលរដ្ឋចោទជាសំណួរថា ហេតុអ្វីក៏សំណង់រឹងមាំសង់រំលោភលើផ្ទៃអូរ និងចាក់ដីបំពេញបានជាបន្តបន្ទាប់ ខណៈដែលជាសម្បត្តិរួម និងផ្ទុយពីច្បាប់កំណត់ បើពលរដ្ឋធម្មតាមិនអាចធ្វើបែបនេះបានទេ នាំឱ្យគេសង្ស័យប្រហែលអាចមានការឃុបឃិតគ្នាដើម្បីប្រយោជន៍បុគ្គលឬក្រុមណាមួយដែលជាអ្នកមានអំណាចឥទ្ធិពល និងមានទ្រព្យធននៅតំបន់នោះ៕ SP