តាមការសង្កេតជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជុំវិញសកម្មភាពជីករណ្ដៅ និងដឹកជញ្ជូនដីនៅក្នុងភូមិសាស្ត្រខណ្ឌកំបូលបានឱ្យដឹងថា រថយន្តដឹកដីមួយចំនួនពុំមានការគ្របតង់នៅលើទ្រុងនោះទេ ខណៈរថយន្តមួយចំនួនទៀតមានការគ្របតង់ដែរ ប៉ុន្តែនៅមានចន្លោះប្រហោង ដែលប្រជាពលរដ្ឋបារម្ភថា អាចបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ បរិស្ថាន និងសុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវ។
ប្រជាពលរដ្ឋបានឱ្យ 1Post ដឹងថា សកម្មភាពដឹកជញ្ជូនដីនេះបានធ្វើឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយដោយដឹកចេញពីរណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែករូបភាពដែលយកមកបង្ហាញក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានថតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជុំវិញសកម្មភាពខាងលើនេះ ក្រុមការងារ 1Post មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់អាជីវកម្មបាននៅឡើយទេដោយសារពុំទាន់មានលេខទំនាក់ទំនង។
ដោយឡែក លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏ពុំទាន់មានការឆ្លើយតបចំពោះសំណួរដែលក្រុមការងារ1Post បានផ្ញើជូនតាមបណ្ដាញតេឡេក្រាម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នៅឡើយដែរ គិតត្រឹមពេលចេញផ្សាយព័ត៌មាននេះ។
គួរកត់សម្គាល់ថា ជាទូទៅការប្រកបអាជីវកម្មកាយរណ្ដៅ និងដឹកជញ្ជូនធនធានរ៉ែ ដី ខ្សាច់ និងថ្ម តម្រូវឱ្យមានការយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស និងវិធានការការពារបរិស្ថាន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។វិធានការទាំងនោះរួមមាន ការគ្របទ្រុងរថយន្តឱ្យបានជិតត្រឹមត្រូវ ការទប់ស្កាត់ការជ្រុះដី ខ្សាច់ និងថ្មលើដងផ្លូវការកាត់បន្ថយធូលី ការសម្អាតកង់រថយន្តមុនចេញពីការដ្ឋាន ការថែទាំផ្លូវ និងការរៀបចំវិធានការសុវត្ថិភាពជុំវិញរណ្ដៅដី ស្របតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌអនុញ្ញាតជាធរមាន។
យ៉ាងណាក៏ដោយ ក្រុមការងារ 1Post មិនទាន់ទទួលបានព័ត៌មានបញ្ជាក់អំពីលក្ខខណ្ឌនៃលិខិតអនុញ្ញាត និងការអនុវត្តវិធានការបច្ចេកទេសជាក់លាក់របស់អាជីវកម្មខាងលើនេះនៅឡើយទេ។
តើអាជីវកម្មនេះបានអនុវត្តវិធានការបច្ចេកទេស និងសុវត្ថិភាពអ្វីខ្លះ? ហើយអាជ្ញាធរ និងមន្ត្រីជំនាញមានការត្រួតពិនិត្យយ៉ាងដូចម្ដេច? ក្រុមការងារ 1Post រង់ចាំទទួលការបំភ្លឺពីម្ចាស់អាជីវកម្ម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននេះឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្ដល់ព័ត៌មានត្រឹមត្រូវជូនសាធារណជន។
សូមបញ្ជាក់ផងដែរថា នៅមិនឆ្ងាយប៉ុន្មានពីទីតាំងកំពុងកាយរណ្ដៅដីនេះ តាមការសង្កេតជាក់ស្តែង ក៏មានរណ្ដៅដីជ្រៅធំមួយកន្លែងផ្សេងទៀត ដែលមានទំហំប៉ាន់ស្មានមិនក្រោម ២០ហិកតា ត្រូវបានផ្អាកសកម្មភាពយូរមកហើយ និងពុំទាន់ឃើញមានរបងព័ទ្ធជុំវិញនៅឡើយទេ៕ តាពេជ្រ