លោក Pavel Durov មហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget កាលពីល្ងាចថ្ងៃសៅរ៍។
ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នាយកប្រតិបត្តិវ័យ ៣៩ រូបនេះ ធ្វើដំណើរមកពីប្រទេស Azerbaijan ហើយត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៨យប់ ម៉ោងក្នុងស្រុក ក្រោមដីកាបទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម។
យ៉ាងណាចំពោះមូលហេតុនៃការចាប់ខ្លួនលោក Durov ដោយផ្អែកលើការស៉ើបអង្កេតនោះបានផ្តោតទៅលើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះបានអនុញ្ញាតឲ្យសកម្មភាពឧក្រិដ្ឋកម្មបន្ត និងមានការរំខាននៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងគឃ្លើនថែមទៀត។ បន្ទាប់ពីការចាប់ខ្លួនមហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ដ៏ពេញនិយមនេះ លោកអាចនឹងបង្ហាញខ្លួននៅតុលាការក្នុងពេលឆាប់ៗ បន្ទាប់ពីការចាប់ឃុំខ្លួន។
សូមបញ្ចាក់ដែរថា លោក Durov ដែលត្រូវបានប៉ាន់ស្មានដោយ Forbes ថាមានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារ បានបង្កើត Telegram ក្នុងឆ្នាំ ២០១៣ ហើយចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់បានលក់។
មិនត្រឹមតែប៉ុណ្ណឹងទេ Telegram ដែលមានអ្នកប្រើប្រាស់ជិតមួយពាន់លាននាក់ មានឥទ្ធិពលជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងសាធារណរដ្ឋនៃអតីតសហភាពសូវៀត។ វាត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat៕