ល្បែងស៊ីសងកន្ទុយលេខវៀតណាមពង្រាយកូនកញ្ច្រែងជាច្រើននាក់គត់និងប្រមូលមកឱ្យតាឡុង ដែលជាឈ្មួញកណ្ដាល ឬ គេហៅថា មេឆ្នោតប្រចាំតំបន់ ឃុំ ម្កាក់ ឃុំ ទួលព្រិច សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងឃុំដំណាក់រាំង ភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទល់ជាប់គ្នា។
ប្រភពដំណឹងបានឱ្យដឹងថា ក្រោយកូនកញ្ច្រែងគត់និងប្រមូលលុយពីអ្នកចាក់បានហើយ ពួកគេក៏ថតទិន្ទន័យតាមទូរសព្ទដៃផ្ញើឱ្យតាឡុងតាមបណ្ដាញសង្គម ដើម្បីរក្សាទុកភស្ដុតាងស៊ីសងគ្នាក្រោយឆ្នោតឈ្មោះ មីងង៉ុក របស់វៀតណាមចេញលទ្ធផល។ ដោយការទូទាត់នោះមានកូនកញ្ច្រែងមួយចំនួនណាត់ជួបគ្នាជាមួយតាឡុងនៅតាមបណ្ដាផ្ទះលក់កាហ្វេនិងអាហារពេលព្រឹកនៅក្បែរៗបណ្ដោយផ្លូវជាតិលេខ៥១។ ដូចជារូបភាពនេះគឺនៅរោងលក់អាហារពេលព្រឹកស្ថិតក្នុងភូមិអន្ទង់រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល។
ទាក់ទងការលើកឡើងខាងលើ តាឡុង បានឱ្យក្រុមការងារ 1Post ដឹងថា លោកប្រមូលពីកូនកញ្ច្រែងត្រឹមតែឃុំម្កាក់ប៉ុណ្ណោះនិងបានកម្រៃជើងសារខ្លះមិនធំដុំអ្វីទេ។ សម្លេង
ចំណែកលោក មាន សំណាង អធិការស្រុកអង្គស្នួល បានឱ្យដឹងថា លោកពុំបានដឹងរឿង និងមិនស្គាល់មេឆ្នោតឈ្មោះ ហង្ស ឡុង ទេ។ សម្លេង
គួរបញ្ជាក់ថា បច្ចុប្បន្នឈ្មួញកន្ទុយលេខវៀតណាម នៅតែបន្តសកម្មភាព ជ្រកក្រោមរូបភាពឆ្នោតខ្មែរ និងល្បែងបញ្ចល់មាន់តាមអនឡាញមានកន្លែងមួយចំនួននៅតែបើកលេងដោយលួចលាក់ ដូចជាផ្ទះមួយកន្លែងនៅមុខផ្សារត្រពាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាព្រំប្រទល់នឹងស្រុកអង្គស្នួល ខេត្តកណ្ដាល ជាដើម។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វីដេអូ https://fb.watch/sp3rCfY-WU/?mibextid=v7YzmG