សំណង់អាគារចំនួន២នៅមាត់ព្រែកសង់ជិតរួចត្រូវបានផ្អាក រីឯរបងបេតុងខ្ទង់រយម៉ែត្ររបស់មេគយសង់ព័ទ្ធមាត់ព្រែកអណ្ដូងទឹកនោះដែរធ្វើបានសម្រេចក្រោមខ្សែភ្នែកអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងខេត្ត ដែលហាក់ដូចជាមិនកោតក្រែងអស់លោកជាអ្នកអនុវត្តន៍ច្បាប់។
ប្រភពបានបង្ហើបឱ្យដឹងថា សំណង់អាគារជារបស់ជំទប់ឃុំម្នាក់នៅ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយធ្លាយដំណឹងព្រោងព្រាតលើបណ្ដាញសង្គម និងសារព័ត៌មាន ស្របពេលនោះក៏គេឃើញអាជ្ញាធរចុះទៅហាមឃាត់ តែរបងរបស់មេគយម្នាក់នៅក្នុងភូមិជាមួយគ្នាដែរសង់ព័ទ្ធតាមបណ្ដាយមាត់ព្រែកបានយ៉ាងរំភើយ។
ទាក់ទងរឿងដែលធ្លាប់កើតឡើងដដែលៗនេះលោក ក្រូច បុរីសីហា អភិបាលស្រុក បូទុមសាគរ បានប្រាប់អ្នកសារព័ត៌មានថា សំណង់របងនេះគ្មានច្បាប់អនុញ្ញាតទេ អាជ្ញាធរបានទៅហាមដែរតែគេបន្តការសាងសង់មិនខ្វល់ពីសេចក្ដីជូនដំណឹង។ សម្លេង
ចំណែកសាធារណៈជនដែលឃើញសកម្មភាពបានខ្សឹបខ្សៀវបញ្ចេញមតិថា ទ្រង់ទ្រាយនៃសំណង់នេះទាល់តែអ្នកមានទ្រព្យធនច្រើនទើបមានលទ្ធភាពធ្វើបាន ហើយសុទ្ធតែជាសំណង់កើតថ្មី ហេតុអ្វីគេអាចធ្វើបានយ៉ាងព្រោងព្រាតជាបន្តបន្ទាប់ក្នុងបរិបទប្រទេសជាតិកំពុងតែរៀបរយឱ្យមានសណ្ដាប់ធ្នាប់បែបនេះ ជាពិសេសអាជ្ញាធរខ្លូនឯងទាំងស្រុកនិងខេត្តជាអ្នកអនុវត្តន៍ច្បាប់។
សូមរម្លឹកថា បើតាមអនុក្រឹតលេខ ៩៨ អ.ន.ប្រ.ប.ក ចុះហត្ថលេខាដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានចែងថា ចំណីព្រែកកំណត់ចម្ងាយ ២០ម៉ែត្រ គិតចាប់ពីមាត់ព្រែក។ ចុះក្រឡេកមកមើលទីតាំងនេះវិញ ហេតុអ្វីគេអាចសង់សំណង់រឹងមាំថ្មីៗបាន។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសុំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វីដេអូ https://www.facebook.com/share/v/db4Ls6HVMFZsG8WR/?mibextid=WC7FNe