គេបូមខ្សាច់លប់មាត់ព្រែក និងព្រៃលិចទឹករាប់ហិកតាបានយ៉ាងរលូន តែអាជ្ញាធរនិងមន្ត្រីថាអត់ដឹងនៅឃុឱជ្រោយប្រស់

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 2 មករា 2024
គេបូមខ្សាច់លប់មាត់ព្រែក និងព្រៃលិចទឹករាប់ហិកតាបានយ៉ាងរលូន តែអាជ្ញាធរនិងមន្ត្រីថាអត់ដឹងនៅឃុឱជ្រោយប្រស់

ដីចំណីព្រែក និងព្រៃលិចទឹកជាច្រើនហិកតា ត្រង់ចំណុចឃ្លងឃៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ត្រូវបានគេបូមខ្សាច់ចាក់បំពេញយកជាកម្មសិទ្ធ គ្រាដែលអាជ្ញាធរឃុំឆ្លើយថា បានរាយទៅថ្នាក់លើរួចហើយ។ បើចង់ដឹងថា ការបូមខ្សាច់នោះមាន ឬ អត់ច្បាប់ គួរទៅសួរលោក ទេព វិស្កុល អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តដែលជាម្ចាស់ដីវិញ។

លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បញ្ជាក់បន្ថែមថា ចំពោះការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យបូមគឺខាងឃុំពុំបានដឹងនោះទេ ហើយខាងអាជ្ញាធរឃុំក៏ពុំមានសិទ្ធិអនុញ្ញាតដែរ។

ចំណែកលោក ទេព វិស្កុល អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត ពុំទាន់មានការបញ្ជាក់ទេ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post នៅបណ្ដាញតេឡេក្រាមរបស់លោកតាំងពីថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៣ រហូតមកដល់នឹងវេលាចេញផ្សាយនេះ។

គេបូមខ្សាច់លប់មាត់ព្រែក និងព្រៃលិចទឹករាប់ហិកតាបានយ៉ាងរលូន តែអាជ្ញាធរនិងមន្ត្រីថាអត់ដឹងនៅឃុឱជ្រោយប្រស់

ដោយឡែក លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង បានឱ្យអ្នកសារព័ត៌មានដឹងថា ខាងលោកពុំបានដឹងនោះទេ ហើយក៏ពុំបានចេញច្បាប់អនុញ្ញាតឱ្យនោះដែរ ព្រោះបើមានការសុំច្បាប់ពីភាគីម្ចាស់ទីតាំងទៅថ្នាក់ខេត្តនោះ គឺរដ្ឋបាលខេត្តនិងកោះប្រជុំគណៈកម្មការចម្រុះដើម្បីចុះទៅធ្វើការពិនិត្យទីតាំង ថាតើអាចអនុញ្ញាតបានឬមិនបាន តែមកទល់ពេលនេះគឺពុំទាន់បានឃើញលិខិតណាមួយមកដល់មន្ទីររ៉ែ នៅឡើយទេ។

កើតចេញពីសកម្មភាពនេះនាំឱ្យគេកើតឆ្ងល់ថា ទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញលើកឡើងពុំបានដឹង ពុំបានអនុញ្ញាត តែការបូមខ្សាច់ទៅបំពេញដីលិចទឹកនោះហេតុអ្វីធ្វើទៅបានយ៉ាងរលូន តើជាការគប់គិត ឬ យ៉ាងណា បានជាមិនទប់ស្កាត់ឱ្យមានប្រសិទ្ធភាព សូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង។

គេបូមខ្សាច់លប់មាត់ព្រែក និងព្រៃលិចទឹករាប់ហិកតាបានយ៉ាងរលូន តែអាជ្ញាធរនិងមន្ត្រីថាអត់ដឹងនៅឃុឱជ្រោយប្រស់

សូមរម្លឹកថា ដីព្រែក ស្ទឹង បឹងបួរ សមុទ្រ ព្រៃកោងកាង ព្រៃលិចទឹក ភ្នំ តំបន់អភិរក្ស ជាសម្បត្តិសាធារណៈរបស់រដ្ឋ គឺត្រូវបានការពារដោយច្បាប់ ហាមប្រាមមិនឱ្យបុគ្គលណាទន្រ្ទានយកទៅធ្វើជាកម្មសិទ្ធនោះទេ។ តែកន្លងទៅបុគ្គលអាងលុយ អាងអំណាច អាងបក្ខពួកមួយចំនួននៅតែឆ្លៀតឱកាសយកបានក្រោមរូបភាពផ្សេងៗ។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងបន្តព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP