
សកម្មភាពនេះបានធ្វើឡើងយូរមកហើយរហូតដល់បច្ចុប្បន្ន មានចំនួន ៣ក្រុម ដោយពួកគេបូមខ្សាច់ចេញពីព្រែក មិនត្រឹមត្រូវតាមច្បាប់ បាក់ច្រាំង លើសដែនកំណត់ និងដឹកជញ្ជូនល្មើសបច្ចេកទេសបំផ្លាញផ្លូវនៅចំណុចគងឆា ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សេចក្ដីរាយការណ៍បានឱ្យដឹងថា អាជីវកម្មបូបខ្សាច់ទាំងនោះក្រុមខ្លះធ្វើទាំងបំពានច្បាប់បូបលើសទីតាំងដែលបានកំណត់ ខ្លះកំពុងស្នើសុំច្បាប់បកខ្សាច់នៅទីគោកចំងាយរាប់សិបម៉ែត្រពីព្រែក ច្បាប់មិនទាន់ធ្លាក់មកផង បែជាហ៊ានបូមខ្សាច់ពីក្នុងព្រែកលក់យ៉ាងរំភើយ។ ហើយការដឹកជញ្ជូនទៀតសោតលើសទ្រុងមិនគ្របតាមរយៈរថយន្តខ្នាតធំៗ ភ្លៅ៥ ភ្លៅ៦ បើកបរបំផ្លាញផ្លូវគ្រោះក្រហមកើតជាជង្ហុកតូចធំបែកភក់ជ្រាំបង្កការរំខានដល់អ្នកធ្វើដំណើរ និងរំខានដល់ជីវភាពពលរដ្ឋ។ អ្វីដែលកើតឆ្ងល់គឺទីតាំងទាំងនោះស្ថិតនៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងផងទៀត។

ពាក់ព័ន្ធសកម្មភាពនេះលោក ហៃ ឃាង ហៅ ង៉ែត ភាគីម្ចាស់អាជីវកម្មដូចរូបភាពកំពុងផ្សាយនេះពុំមានការបញ្ជាក់ទេ ក្រោយទទួលសារសំណួរហើយ លុបចោល និងប្លុកលេខក្រុមការងារយើង មិនអាចទំនាក់ទំនងបាន។
លោកស្រី ទុយ ចេតនា ម្ចាស់អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែសម្រាប់អាជីវកម្មខ្សាច់សំណង់ តែប្រគល់ទៅឱ្យក្រុមជនជាតិចិនធ្វើអាជីវកម្មវិញ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។ ខណៈដែលច្បាប់កំណត់ថា អាជ្ញាបណ្ណក្រោម១ហិកតា ផ្ដល់ឱ្យតែជនជាតិខ្មែរ កម្លាំងពលកម្មមិនលើស ៧នាក់ ទំហំមិនលើសពី១ពាន់ទ្វេរគុណ។
លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល ទទួលបន្ទុកដីធ្លី និងរ៉ែ បានឱ្យដឹងថា ម្ចាស់អាជីវកម្មកំពុងតែស្នើសុំច្បាប់ទៅខាងរដ្ឋបាលខេត្តហើយ ត្រង់ស្ថិតក្នុងដែនឧទ្យានជាតិឬអត់ មិនមែនជាជំនាញលោកទេ។ សម្លេង

មន្ត្រីបរិស្ថានក្នុងតំបន់សូមមិនបញ្ជេញឈ្មោះបានឱ្យដឹងថា ទីតាំងធ្វើអាជីវកម្មបូមខ្សាច់ពិតជាស្ថិតនៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ចំពោះច្បាប់អនុញ្ញាតលោកពុំដឹងច្បាស់ទេគឺឱ្យសួរទៅខាងថ្នាក់លើវិញ។ សម្លេង
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ទីតាំងបូមខ្សាច់ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនោះមានច្បាប់ ប៉ុន្តែសំណួរផ្សេងទៀតលោកពុំទាន់មានការបញ្ជាក់នៅឡើយ។
លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង បានឱ្យដឹងថា លោកនឹងឱ្យមន្ត្រីចុះពិនិត្យសិន ទើបមានការបញ្ជាក់។

សូមរម្លឹកថា បើតាមប្រកាសក្រសួងរ៉ែនិងថាមពល លេខ ៥២០ ថរ.រស.ប្រក ត្រង់ប្រការ ៩ បានកំណត់ថា ការពិនិត្យវាយតម្លៃ និងផ្តល់អាជ្ញាបណ្ណត្រូវពិនិត្យបន្ថែមលើគោលការណ៍មានដូចជា៖ ការធានាលំនឹងជលសាស្ត្រ និងបរិស្ថានធម្មជាតិរបស់ដងទន្លេ ស្ទឹង បឹងបួរ និងផ្លូវទឹក នានាដែលពាក់ព័ន្ធ។ ការពារការបាក់ច្រាំង ការសឹកដាច់ ឬ ខូចខាតបាត និងការបំពុលគុណភាពទឹកជាដើម។
រីឯការដឹកជញ្ជូនវិញ នាពេលកន្លងទៅអន្តរក្រសួងបានចេញសារាចរណ៍កំណត់ថា ការដឹកជញ្ជូនធនធានរ៉ែ ដី ខ្សាច់ ថ្ម គ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង គ្របឱ្យបានត្រឹមត្រូវមិនបង្កឱ្យដី ថ្ម ខ្សាច់ ធ្លាក់លើផ្លូវ មិនលើសទម្ងន់ ការថែទាំជួសជុលផ្លូវ បើហ៊ុយស្រោចទឹក មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ សូម្បីតែដឹកចេញពីការដ្ឋានក៏ត្រូវលាងកង់រថយន្តឱ្យស្អាតផងទៀត៕ វីដេអូខាងក្រោម៖
